(ទីរ៉ាណា)៖ មន្រ្តីទូតអ៉ីរ៉ង់ បានដុតបំផ្លាញឯកសារជាច្រើន នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្មានម៉ោងមុនពេលពួកគេចាកចេញពីប្រទេសអាល់បានី បន្ទាប់ពីអាល់បានីសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់ ដោយចោទប្រកាន់ពីបញ្ហាវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាជាវីដេអូដ៏កម្រមួយ នៅថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអាល់បានី លោក អ៉ីឌី រ៉ាម៉ា (Edi Rama) បាននិយាយថា លោកបានបញ្ជាឲ្យមន្រ្តីនិងបុគ្គលិកអ៉ីរ៉ង់បិទស្ថានទូត ហើយចាកចេញពីប្រទេសរបស់លោក ក្នុងរយៈពេល ២៤ម៉ោង។ លោក រ៉ាម៉ា បានគូសបញ្ជាក់ថា «ការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា កាលពីខែកក្កដា បានបង្កហានិភ័យ នៃការជាប់គាំងសេវាសាធារណៈ, ការលុបនៅក្នុងប្រព័ន្ធឌីជីថល, ការលុកលុយកំណត់ត្រារបស់រដ្ឋ, ការលួចយកទិន្នន័យទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិចរបស់ រដ្ឋាភិបាល និងការបង្កភាពវឹកវរ និងអសន្តិសុខ នៅក្នុងប្រទេស»។
ចំណែកទីក្រុងតេហេរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ទីក្រុងទីរ៉ាណា លើការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៉ីរ៉ង់ ដោយហៅការចោទប្រកាន់ខាងលើនេះថាជា «ការអះអាងដែលគ្មានមូលដ្ឋាន»។
សាក្សីបានប្រាប់ Reuters ឲ្យដឹងថា រូបគេបានឃើញបុរសម្នាក់បោះក្រដាសចូលទៅក្នុងធុងច្រេះមួយ ហើយមានអណ្តាតភ្លើងភ្លឺជះទៅជញ្ជាំងរបស់ស្ថានទូត។ រហូតមកដល់ពេលនេះ សភាពការណ៍នៅខាងក្រៅស្ថានទូតអ៉ីរ៉ង់ប្រចាំ ទីក្រុងទីរ៉ាណា ដែលស្ថិតនៅចម្ងាយប្រហែល ២០០ម៉ែត្រ ពីការិយាល័យនាយករដ្ឋមន្រ្តីអាល់បានី គឺមានភាពស្ងប់ស្ងាត់ជាធម្មតា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាល់បានី និងអ៉ីរ៉ង់ មានភាពតានតឹងចាប់តាំងពីឆ្នាំ២០១៤ មក គឺនៅពេលដែលអាល់បានី សម្រេចទទួលយកសមាជិកប្រហែល ៣,០០០នាក់ នៃក្រុមប្រឆាំងដែលនិរទេសខ្លួនពីអ៉ីរ៉ង់៕