(សេអ៊ូល)៖ កូរ៉េខាងត្បូងបានស្នើបើកកិច្ចសន្ទានាជាមួយកូរ៉េខាងជើង សំដៅជជែកអំពីមធ្យោបាយ ដើម្បីជួយឱ្យប្រជាជនកូរ៉េរាប់ពាន់គ្រួសារ ដែលបានបែកបាក់គ្នា ដោយសារសង្រ្គាមកាលពីឆ្នាំ១៩៥០-១៩៥៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្រ្តីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ក្វុន យុងសេ (Kwon Young-se) បាននិយាយថា ទីក្រុងសេអ៊ូលស្ម័គ្រចិត្តពិចារណាលើ ការចង់បានរបស់ទីក្រុងព្យុងយ៉ាង ក្នុងការសម្រេចអំពីកាលបរិច្ឆេទ ទីតាំង និងរបៀបវារៈ ក៏ដូចជាទម្រង់នៃកិច្ចពិភាក្សាអំពីបញ្ហាខាងលើ។ លោក យុងសេ បានបង្ហាញក្តីសង្ឃឹមថា ក្រុមមន្រ្តីភាគីទាំងពីរនឹងអាចជួបគ្នាផ្ទាល់ ក្នុងពេលឆាប់ៗតាមធ្វើទៅបាន ដើម្បីចាប់ផ្តើមកិច្ចសន្ទនាដោយត្រង់ៗ ស្តីពីបញ្ហាមនុស្សធម៌ រួមទាំងបញ្ហាគ្រួសារដែលព្រាត់ប្រាសគ្នា។

គួរបញ្ជាក់ថា ប្រជាជនកូរ៉េត្រូវបានបែកបាក់គ្នា កាលពីឆ្នាំ១៩៥៣ នៅពេលដែលបទឈប់បាញ់ បានបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងសង្រ្គាមកូរ៉េ ប៉ុន្តែបន្សល់ទុកឱ្យប្រទេសកូរ៉េទាំងពីរ នៅស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នានៅឡើយ រហូតមកទល់បច្ចុប្បន្ន ហើយឧបទ្វីបកូរ៉េត្រូវខណ្ឌចែក ដោយតំបន់គ្មានយោធា DMZ។

ការធ្វើប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ទាំងអស់រវាងប្រជាជនស៉ីវិល សូម្បីតែការទៅសួរសុខទុក្ខឪពុក-ម្តាយ បងប្អូន និងសាច់ញាតិ រវាងប្រទេសទាំងពីរ គឺសុទ្ធតែត្រូវបានហាមឃាត់។ យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាលកូរ៉េទាំងសងខាង ធ្លាប់បានអនុញាតឱ្យ មានការជួបជុំគ្នាមួយភ្លែតៗ រវាងគ្រួសារដែលបែកបាក់ទាំងនោះ ដោយលើកចុងក្រោយបំផុត ត្រូវបានធ្វើឡើងនៅក្នុងដីកូរ៉េខាងជើង កាលពីឆ្នាំ២០១៨៕