(ហាណូយ)៖ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ដែលផ្អែកលើប្រភពពីអាជ្ញាធរ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះអគ្គិភ័យ ដែលបានលេបត្របាក់ទីតាំងការ៉ាអូខេ (KTV) មួយកន្លែង នៅភាគខាងត្បូងវៀតណាម បានកើនដល់៣២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។

អគ្គិភ័យបានឆាបឆេះជាន់ទី២ របស់អគារ KTV ខាងលើ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយធ្វើឱ្យភ្ញៀវនិងបុគ្គលិកជាច្រើននាក់ ត្រូវជាប់ខ្លួន ដោយរត់ចេញមកក្រៅមិនកើត ខណៈដែលភ្លើងនិងផ្សែងបានបិទខ្ទប់កាំជណ្តើរ រួមនិងច្រកចេញសម្រាប់ពេលបន្ទាន់។ ទីតាំងការ៉ាអូខេកើតហេតុ ស្ថិតនៅក្នុងទីក្រុងថាន់អាន (Thuan An) ភាគខាងជើងទីក្រុងហូជីមិញ។

កាសែត កុងអាន ញ៉ាណដាន (Cong An Nhan Dan) ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ក្នុងករណីឆេះអគារការ៉ាអូខេខាងលើ បានកើនដល់ចំនួន៣២នាក់ ក្នុងនោះមានបុរស១៧នាក់ និងនារី១៥នាក់។ បើតាមអាជ្ញាធរវៀតណាម មូលហេតុនៃគ្រោះអគ្គិភ័យ ត្រូវបានសន្និដ្ឋានជាបឋមថា បណ្តាលមកពីបញ្ហាទុសេខ្សែភ្លើង។

គួរបញ្ជាក់ថា ខាងលើជាករណីគ្រោះអគ្គិភ័យដែលសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រទេសវៀតណាម គិតមកទល់ត្រឹមពេលនេះ។ កាលពីឆ្នាំ២០១៨ ករណីភ្លើងឆេះអគារស្នាក់នៅមួយកន្លែង នៅទីក្រុងហូជីមិញ បានផ្តាច់ជីវិតមនុស្ស១៣នាក់ ខណៈកាលពីឆ្នាំ២០១៦ មនុស្ស១៣នាក់បានស្លាប់ ក្នុងហេតុការណ៍ឆេះ KTV នៅរដ្ឋធានីហាណូយ។ រីឯកាលពីខែសីហាកន្លងទៅនេះ ភ្នាក់ងារពន្លត់អគ្គិភ័យ៣នាក់ បានបាត់បង់ជីវិត ក្រោយព្យាយាមពន្លត់ភ្លើង នៅឯហាងការ៉ាអូខេមួយកន្លែង ក្នុងទីក្រុងហាណូយ៕