(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ភាគីរុស្ស៊ីបានអះអាងថា ដោយមកពីបរិក្ខារជាច្រើនកន្លែងកើតមានបញ្ហា ដូច្នេះ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 1 នឹងបញ្ឈប់ការបង្ហូរឧស្ម័នទាំងស្រុង រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ ដោយមកពីបរិមាណឧស្ម័នធម្មជាតិរបស់រុស្ស៊ីដែលបង្ហូរទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរខ្សែនេះ ត្រូវជា៤០ភាគរយនៃបរិមាណនាំចេញឧស្ម័នធម្មជាតិទៅអឺរ៉ុបរបស់រុស្ស៊ីនៅឆ្នាំមុន បានជាអ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ថា និយាយចំពោះអឺរ៉ុប ការបញ្ឈប់ដំណើរការរបស់បំពង់បង្ហូរនេះទាំងស្រុង នឹងមានអត្ថន័យយ៉ាងម៉េច។

ដើម្បីធានាដល់សន្តិសុខថាមពល ប្រទេសអឺរ៉ុបបាននិងកំពុងរិះរកគ្រប់មធ្យោបាយ។ បារាំងគិតថា នឹងរៀបចំឡើងវិញនូវការផលិតថាមពលនុយគ្លេអ៊ែរក្នុងពេលឆាប់ៗ។ រីឯអាល្លឺម៉ង់វិញបានប្រកាសពី គម្រោងជួយឧបត្ថម្ភខាងថាមពល ដែលមានទឹកប្រាក់ចំនួន៦ម៉ឺន៥ពាន់លានប្រាក់អឺរ៉ូ ដែលនឹងបន្ថែមពន្ធចំពោះសហគ្រាស ដែលមិនពឹងផ្អែកលើឧស្ម័នធម្មជាតិក្នុងការផ្សាយកម្លាំងអគ្គិសនី ដើម្បីយកលុយប៉ះប៉ូវសហគ្រាសប្រើប្រាស់ថាមពលច្រើន និងជនស៊ីវិល។ ហើយរដ្ឋាភិបាលប្រទេសក្រិកបានអះអាងថា នឹងដាក់ទណ្ឌកម្មទៅលើស្ថាប័នសាធារណៈ ដែលមិនសម្របសម្រួលម៉ាស៊ីនThermostat និងមិនបិទភ្លើង ថែមទាំងមិនអនុញ្ញាតឱ្យពួកគេជួលបុគ្គលិកទៀតផង។

នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី «The Economist» បានចេញផ្សាយអត្ថបទថា តម្លៃថាមពលនិងអគ្គិសនីឡើងថ្លៃខ្លាំង នឹងពន្លឿនដំណើរថយថមចុះរបស់សេដ្ឋកិច្ចអឺរ៉ុប។ អ្នកវិភាគមិនតិចទេបានសម្គាល់ឃើញថា អឺរ៉ុបមិនគ្រាន់តែត្រូវការពេលវេលា និងដើមទុនដ៏ច្រើនសម្បើមសម្រាប់បង្វែររចនាសម័្ពន្ធថាមពល នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ប្រហែលនឹងកើតមាន ភាពច្របូកច្របល់ក្នុងសង្គមទៀតផង។

យ៉ាងណាមិញ ប្រជាជនអឺរ៉ុបដែលធ្លាក់ខ្លួនក្នុងភាពលំបាកបានរកឃើញថា សម័្ពន្ធមិត្តរបស់ខ្លួនដែលស្ថិតនៅត្រើយម្ខាង នៃមហាសមុទ្រអាត្លង់ទិកបែរជាឱបដៃឈរមើល មិនមានសកម្មភាពអ្វីសោះ។ អ្នកផងសុទ្ធតែដឹងហើយថា វិបត្តិថាមពលដែលបានរីករាលដាលនៅទូទាំងអឺរ៉ុប ជាផលវិបាកដែលបណ្តាលមកពីអឺរ៉ុបដើរតាមអាមេរិក និងបានដាក់ទណ្ឌកម្មជាច្រើនជុំទៅលើរុស្ស៊ី។ អាមេរិកបានចាត់ទុកការវាយប្រហារការនាំចេញថាមពលរបស់រុស្ស៊ី ជាទង្វើយកជ័យជំនះចុងក្រោយ ព្រមទាំងបានប្រមូលគ្នីគ្នាសម័្ពន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបផងដែរ។ ប៉ុន្តែទីបំផុត ប្រទេសអឺរ៉ុបបានរកឃើញថា ខ្លួនជា «អ្នករងការខូចខាត» ជាប់រហូត រីឯអាមេរិកវិញ មិនដែលឈប់លេងកលល្បិច និយាយផ្សេងធ្វើផ្សឹងនោះទេ។

បន្ទាប់ពីបានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ី កាលពីខែមីនាឆ្នាំនេះ អាមេរិកបែរជាកំណត់ «អន្តរកាល» សម្រាប់សហគ្រាសរបស់ប្រទេសខ្លួន ក្នុងន័យធ្វើឱ្យសហគ្រាសទាំងនេះ ទិញដូរប្រេងកាតរបស់រុស្ស៊ីយ៉ាងច្រើនសម្បើម។ តាមការទម្លាយរបស់វេបសាយព័ត៌មានសម្ងាត់ពាណិជ្ជកម្មរបស់អាមេរិកបានឱ្យដឹងថា គិតជាមធ្យម ក្រុមហ៊ុនអាមេរិកអាចរកបានចំណេញលើសពី ១រយលានដុល្លារអាមេរិក ពីរាល់នាវាដែលដឹកជញ្ជូនឧស្ម័នធម្មជាតិធាតុរាវ ទៅកាន់អឺរ៉ុប។ ប្រព័ន្ធសារព័ត៌មានអឺរ៉ុបបានធ្វើការអត្ថាធិប្បាយថា អាមេរិកបាននិងកំពុងធ្វើពុតជា «ព្រះអង្គសង្គ្រោះនៃពិភពលោក» ហើយរកបានផលចំណេញយ៉ាងច្រើនសម្បើម ក្នុងការលក់ដូរឧស្ម័នធម្មជាតិទៅកាន់ប្រទេសអឺរ៉ុប។

វិបតិ្តថាមពលលើកនេះ គួរឱ្យអឺរ៉ុបពិចារណាពីកំហុសជាច្រើនរបស់ខ្លួន កំហុសមួយគឺមិនត្រូវដើរតាមតែអាមេរិក ហើយនិងចាញ់បោកម្តងហើយម្តងទៀត។ នៅពេលអនាគត អឺរ៉ុបគួរតែគិតពិចារណាឱ្យបានល្អថា តើត្រូវដើរតាមផ្លូវណា ទើបជាផ្លូវត្រឹមត្រូវបំផុតដែលសមស្របនឹងផលប្រយោជន៍របស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន