(ប៉េកាំង)៖ កាលពីខែមិថុនា ឆ្នាំ១៩៨៥ លោក Xi Jinping បានចាកចេញពីស្រុក Zhengding ដែលជាស្រុកតូចមួយនៃខេត្ត Hebei ទៅបម្រើការងារនៅខេត្តហុកគៀន ជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ចិន។ លោក Xi Jinping បានបម្រើការងារនៅហុកគៀនអស់រយៈពេល ១៧ ឆ្នាំកន្លះ ដោយបានបំពេញតួនាទីសំខាន់ទាំងនៅក្រុងសៀមិន តំបន់ណីងដឺ ក្រុងហ្វូចូវដែលជាទីរួមខេត្ត និងគណៈកម្មការបក្សប្រចាំខេត្តនិងរដ្ឋបាលខេត្ត។
ហុកគៀនជាកន្លែងបើកទូលាយមុនគេរបស់ចិន ទទួលបានឱកាសអភិវឌ្ឍន៍ជាច្រើនផង ក៏ជួបនឹងបញ្ហាលំបាកដែលត្រូវដោះស្រាយជាបន្ទាន់ផង។ពេលធ្វើការនៅខេត្តហុកគៀន លោក Xi Jinping បានធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មីក្នុងវិស័យជាច្រើនដូចជាការកែលម្អជីវភាពរស់នៅរបស់ប្រជាជន កំណែទម្រង់សហគ្រាសរដ្ឋ និងបើកទូលាយទីផ្សារជាដើម។ លោកបានដាក់ចេញយុទ្ធសាស្ត្រ «ហុកគៀនឌីជីថល» មុនគេក្នុងប្រទេសចិន ខណៈកំណែទម្រង់កម្មសិទ្ធិព្រៃឈើដែលលោកសាកល្បងធ្វើបានជួយឱ្យទឹកដីខេត្តហុកគៀនក្លាយជា «ឃ្លាំងរតនាបៃតង»។ ជាបន្តទៅនេះសូមលើកយករឿងរ៉ាវដឹកនាំនិងជំរុញកំណែទម្រង់នៅហុកគៀនរបស់ លោក Xi Jinping។
លោកបានជំរុញឱ្យ «ព្រៃដេក» ក្លាយជា «ធនាគារបៃតង»។ ខេត្តហុកគៀនស្ថិតនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសចិន សម្បូរធនធានព្រៃឈើ។ ជាច្រើនឆ្នាំកន្លងមក កម្មសិទ្ធិព្រៃនិងភ្នំមិនបានកំណត់ច្បាស់ទេ ការលួចកាប់បំផ្លាញព្រៃឈើជារឿងធម្មតា។ ស្រុកវូភីងស្ថិតនៅទីកន្លែងពិបាកធ្វើដំណើរ គ្មានឧស្សាហកម្មទំនើបទេ កសិករមានជីវភាពក្រីក្រ ចង់កែលម្អខ្លាំងណាស់។
តើត្រូវកែប្រែព្រៃឈើឱ្យក្លាយជាធនធានតាមវិធីណា នេះជាកិច្ចការមួយដែល លោក Xi Jinping ក្នុងនាមជាអភិបាលខេត្តហុកគៀន យកចិត្តទុកដាក់យ៉ាងខ្លាំង។ កាលពីខែមករាឆ្នាំ១៩៨៩ ពេលបំពេញកាងារជាលេខាបក្សប្រចាំតំបន់ណីងដឺខេត្តហុកគៀន លោក Xi Jinping បានចុះផ្សាយអត្ថបទ «គន្លឹះនៃការអភិវឌ្ឍភាគខាងកើតហុកគៀនគឺព្រៃឈើ» ដែលបានលើកឡើងថា ព្រៃឈើជា «ឃ្លាំងទឹក» «ឃ្លំាងលុយ» «ឃ្លាំងបាយ»។ ដែលអាចថាជាការចាប់ផ្តើមនៃទស្សនៈកំណែទម្រង់វិស័យព្រៃឈើនិងគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping។
លោក Xi Jinping បានលើកឡើងបន្ថែមថា ការកែទម្រង់យន្តការកម្មសិទ្ធិព្រៃឈើត្រូវធ្វើឱ្យស៊ីជម្រៅនិងយូរអង្វែង «អ្នកបង្កើតព្រៃមានកម្មសិទ្ធិ និងទទួលបានផលប្រយោជន៍« គួរប្រកាន់ខ្ជាប់គោលការណ៍ដែលអាចផ្ទេរកម្មសិទ្ធិ។ ការលើកឡើងបែបនេះជាវិធានការថ្មីនាពេលនោះ។ ឆ្នាំ២០០១ ស្រុកវូភីងបានចាប់ផ្តើមសាកល្បងធ្វើកំណែទម្រង់កម្មសិទ្ធិព្រៃ។លោក Xi Jinping បានចុះត្រួតពិនិត្យការងារតាមភូមិជាច្រើនលើក ដើម្បីស្វែងយល់ពីក្តីកង្វល់របស់អ្នកភូមិ និងធ្វើឱ្យការងារកែច្នៃកម្មសិទ្ធិភ្នំនិងព្រៃ អាចផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ។ កាលពីខែសីហា ឆ្នាំ២០០២ របាយការណ៍ការងារអំពីលទ្ធផលជាដំណាក់កាលនៃការកែទម្រង់កម្មសិទ្ធិព្រៃបានដាក់ជូនលោក Xi Jinping។
ហុកគៀនដែលជាខេត្តសម្បូរព្រៃក៏ចាប់ផ្តើមធ្វើកំណែទម្រង់ពាក់ព័ន្ធ ក្នុងវិស័យនេះទាំងរបបកាប់ឈើ របបប្រមូលផ្តុំវិនិយោគទុន របៀបដំណើរការនិងការផ្ទេរកម្មសិទ្ធិព្រៃជាដើម។ រយៈពេល១៥ឆ្នាំបន្ទាប់ពីអនុវត្តនយោបាយកំណែទម្រង់កម្មសិទ្ធិព្រៃមក តើព្រៃនិងភ្នំរបស់ខេត្តហុកគៀនបានក្លាយជាយ៉ាងណា? ហើយបាននាំមកនូវអ្វីខ្លះជូនកសិករ? កាលពីឆ្នាំ២០១៧ ស្រុកវូភីងត្រូវជ្រើសរើសជា «សួនអុកស៊ីហ្សែនធម្មជាតិរបស់ប្រទេសចិន» ដែលមានអត្រាគ្របដណ្តប់នៃព្រៃឈើដល់ទៅ៨០%។ ឆ្នាំដដែល កសិករស្រុកវូភីងចំនួនជាង៣ម៉ឺនគ្រួសារទទួលបានទិន្នផលសរុបពីសេដ្ឋកិច្ចក្រោមព្រៃឈើចំនួន ២៧៦៦ លានយាន់ប្រាក់ចិន។
កំណែទម្រង់កម្មសិទ្ធិព្រៃដែលលោក Xi Jinping បានខិតខំជំរុញបានជួយខេត្តហុកគៀនដែលសម្បូរព្រៃឈើនិងភ្នំឱ្យប្រែក្លាយពី «ព្រៃដេក» ទៅជា «ធនាគារបៃតង»។
អំឡុងពេលធ្វើការនៅខេត្តហុកគៀន លោក Xi Jinping ក៏បានដឹកនាំការងារកំណទម្រង់ «ហុកគៀនឌីជីថល» ដែលនៅឆ្នាំ២០០២ ពលរដ្ឋអាចបង់ថ្លៃទឹកថ្លៃអគ្គិសនីជាដើមពីផ្ទះរបស់ខ្លួន។ លោកបានជំរុញឱ្យស្មៅ juncao ក្លាយជាស្មៅបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងបានជំរុញឱ្យស្មៅប្រភេទនេះដាំដុះក្នុងប្រទេសជាច្រើននៃទ្វីបអាហ្វ្រិក។ ស្វាគមន៍លោកអ្នកបន្តតាមដាន «រឿងរ៉ាវមួយចំនួនរបស់លោក Xi Jinping អ្នកដឹកនាំកំណែទម្រង់»៕
វិទ្យុមិត្តភាពកម្ពុជាចិន