(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់ក្រុមសមាជិកសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងតៃប៉ិ នៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់មានទំនុកចិត្តថាខ្លួនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ស្តង់ដារខ្ពស់» ជាមួយសហរដ្ឋអាមេរិកក្រោមក្របខណ្ឌថ្មីមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី សៃ បានគូសបញ្ជាក់ថា «យើងបានប្រកាសរួចហើយថាកិច្ចចរចាក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មស.វទី២១ នឹងចាប់ផ្តើម ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដារខ្ពស់ និងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម ទ្វេភាគី»។
លោកស្រី ស្តេហ្វានី មឺហ្វី (Stephanie Murphy) ជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋវ្ល៉រីដា (Florida) បានប្រាប់លោកស្រី សៃ យ៉ាងដូច្នេះថា «រឿងដ៏សំខាន់បំផុតដែលសភាអាមេរិកអាចធ្វើបាននាពេលនេះ គឺធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៉ីជម្រៅជាមួយតៃវ៉ាន់ ជាពិសេសតាមរយៈការជំរុញឲ្យមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានគុណភាពខ្ពស់»។
គួរបញ្ជាក់ថា គណៈប្រតិភូអាមេរិកខាងលើ គឺជាប្រតិភូថ្មីចុងក្រោយបង្អស់ ក្នុងជួរមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ច នៅតៃវ៉ាន់របស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ដែលបានធ្វើឲ្យទីក្រុងប៉េកាំង មានការខឹងសម្បារជាខ្លាំង កាលពីខែសីហា៕