(ហ្សូរិច)៖ រដ្ឋាភិបាលស្វីស នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាប្រទេសស្វីស នឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធផ្នែកសន្តិសុខ និងការពារជាតិជាមួយ បក្សសម្ព័ន្ធយោធាណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ប៉ុន្តែនឹងបន្តស្ថិតនៅអព្យាក្រឹតក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលស្វីសក៏បានកត់សម្គាល់ដែរថាសង្រ្គាមអ៊ុយក្រែនបានបង្ហាញពីការកើនឡើងនូវការគំរាមកំហែងនៃសង្រ្គាមកូនកាត់ ការចែកចាយព័ត៌មានក្លែងក្លាយ ការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ចារកម្ម និងជម្លោះប្រដាប់អាវុធដោយផ្ទាល់។ ដូច្នេះហើយផលប្រយោជន៍របស់ស្វីសនឹងតម្រង់ ទិសដៅទៅរកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិកាន់តែជិតស្និទ្ធជាមួយអន្តរជាតិ ជាពិសេសគឺជាមួយណាតូ និងសហភាពអឺរ៉ុបតែម្ដង ខណៈនឹង នៅតែបន្តអនុវត្តនយោបាយអព្យាក្រឹត។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ រដ្ឋាភិបាលស្វីស នឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធផ្នែកសន្តិសុខ និងការពារជាតិជាមួយបក្សសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប តាមរយៈការចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាបន្ថែម ក៏ដូចជាពង្រឹងទំនាក់ទំនងដែលមានស្រាប់ផងដែរ៕