(តៃប៉ិ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សមាជិកសភាបារាំង១ក្រុម និងសមាជិកសភាអាមេរិក១ក្រុមផ្សេងទៀត បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ សម្រាប់ដំណើរបំពេញទស្សនកិច្ចដាច់ដោយឡែកពីគ្នា នៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងការបរទេសតៃវ៉ាន់ បានឱ្យដឹងថា គណៈប្រតិភូបារាំង រួមមានសមាជិកសភាចំនួន៥រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក ស៉ីរីល ផេឡាវ៉ាត់ (Cyril Pellavat) ហើយវាគឺជាដំណើរទស្សនកិច្ចលើកទី៤ របស់ក្រុមអ្នកនយោបាយបារាំង ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។
ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះ គណៈប្រតិភូអាមេរិក ដែលរួមមានសមាជិកសភា៨រូប និងដឹកនាំដោយសមាជិកសភាតំណាងរាស្រ្ត លោកស្រី ស្ទេហ្វានី មើហ្វី (Stephanie Murphy) ក៏បានមកដល់តៃវ៉ាន់ផងដែរ។ ក្រុមសមាជិកសភាបារាំងនឹងស្នាក់នៅតៃវ៉ាន់ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈក្រុមសមាជិកសភាអាមេរិក នឹងស្ថិតនៅដល់ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។
គួរបញ្ជាក់ថា បើតាមតំណាងអាមេរិកប្រចាំនៅតៃវ៉ាន់ ដំណើរទស្សនកិច្ចខាងលើ គឺជាទស្សនកិច្ចលើកទី៦ហើយ ដោយក្រុមមន្រ្តីអាមេរិក គិតចាប់តាំងតែពីដើមខែសីហាមក នៅពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។ ជាការឆ្លើយតប ចាប់តាំងពីពេលនោះ ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃប្រទេសចិន បានធ្វើសមយុទ្ធនិងបន្តសកម្មភាពយោធារបស់ខ្លួន នៅក្បែរដែនកោះនេះរហូតមកទល់ឥឡូវ៕