(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមបញ្ឈប់ការនាំចេញថាមពលទាំងអស់ទៅកាន់តំបន់អឺរ៉ុប ប្រសិនបើទីក្រុងព្រុចសែល (Brussels) នៅបន្តពិភាក្សាគ្នាលើការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ី ហើយរុស្ស៉ីនឹងពិចារណាដាក់កំហិតលើកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាមួយទៅកាន់វេទិកាសេដ្ឋកិច្ចបូព៌ា នៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) លោក ពូទីន បានលើកឡើងសារជាថ្មីថា រុស្ស៊ីនឹងមិនចាញ់សង្គ្រាមនៅអ៊ុយក្រែនឡើយ ហើយអ្វីដែលទីក្រុងមូស្គូកំពុងធ្វើ គឺដើម្បីធានាសន្តិសុខរបស់ខ្លួន និងការពារប្រជាជននិយាយរុស្ស៊ី។ ស្របពេលដែលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន កំពុងដំណើរការទៅមុខ លោក ពូទីន បានព្រមានថា ការនាំចេញដ៏មានសារៈសំខាន់សម្រាប់ពិភពលោកមួយនេះ អាចនឹងត្រូវប្រើប្រាស់ជាគោលដៅចម្បងរបស់ខ្លួន ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់លោកខាងលិច។
នៅពេលត្រូវបានចោទសួរអំពីដំណើរការនៃប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនោះ លោក ពូទីន បានគូសបញ្ជាក់ថា «យើងមិនបានបាត់បង់អ្វីឡើយ ហើយយើងនឹងមិនឲ្យបណ្តោយឲ្យបាត់បង់អ្វីទាំងអស់»។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានប្រកាសពីជោគជ័យលើការដណ្តើមយកមកវិញ នូវតំបន់ដែលកាន់កាប់ដោយរុស្ស៉ី ខណៈដែលក្រុមកាំភ្លើងធំអ៊ុយក្រែនបានធ្វើការវាយប្រហារដោយជោគជ័យ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅឯតំបន់ភាគខាងត្បូង។
យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ ក្នុងសមរភូមិបាននោះទេ។ ប៉ុន្តែ បើតាមមន្ទីរបញ្ចកោណ, ប្រតិបត្តិការរបស់អ៊ុយក្រែនដំណើរការទៅមុខយឺត ប៉ុន្តែធ្វើបានល្អជាងរុស្ស៉ីនៅតំបន់ភាគខាងត្បូង៕