(កៀវ)៖ ប្រមុខយោធាកំពូលរបស់អ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅឯតំបន់គ្រីមៀ រួមទាំងការបំផ្លិចបំផ្លាញមូលដ្ឋានយោធា សាគី (Saky) របស់រុស្ស៉ី កាលពីខែសីហា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន លោក វ៉ាឡេរីយ៍ ហ្សាលូស្នីយី (Valeriy Zaluzhnyi) មេបញ្ជាការកងទ័ពអ៊ុយក្រែន បានទទួលស្គាល់ថា ការវាយប្រហារខាងលើនេះគឺធ្វើឡើងដោយមីស៊ីល ឬគ្រាប់រ៉ុក្កែត ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។
ដោយឡែក មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ការបំផ្ទុះលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី គឺជាស្នាដៃរបស់អ្នកបំផ្ទុះគ្រាប់បែកអ៊ុយក្រែន។ វាជាការឆ្លើយតបរបស់អ៊ុយក្រែនចំពោះយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ ដែលបន្ធូរដៃធ្វើសង្រ្គាម ដូច្នេះវាជាឱកាសសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការវាយលុកតំបន់គ្រីមៀ។ ជោគជ័យពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៉ី ជាដំបូងនោះគឺមូលដ្ឋានយោធា Saky។
គួរបញ្ជាក់ថា មូលដ្ឋានយោធារបស់រុស្ស៉ី បានរងនូវការបំផ្ទុះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដោយបំផ្លាញយន្តហោះចម្បាំងជាច្រើនគ្រឿង ។ តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយទីក្រុងមូស្គូបានព្រមានជាច្រើនលើកថាការវាយប្រហារ ណាមួយលើតំបន់គ្រីមៀ នឹងតម្រូវឱ្យរុស្ស៉ីត្រូវចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕