(ព្រុចសែល)៖ វិធានការណ៍ភ្លាមៗ របស់រុស្ស៊ីដែលសម្រេចបិទការបង្ហូរប្រេង និងឧស្ម័នតាមប្រព័ន្ធបំពង់បង្ហូរ Nord Stream1 ទៅប្រទេសក្នុងទ្វីបអឺរ៉ុប ជាមួយលក្ខខណ្ឌត្រូវបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចវិញមកលើរុស្ស៊ីនោះ បានធ្វើឱ្យអឺរ៉ុបភ័យជ្រួលច្របល់។ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប បានព្រួតគ្នាធ្វើ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាលើរុស្ស៊ី នោះដែលរំពឹងថាទង្វើព្រួតគ្នារបស់ពួកគេនឹងត្រូវបង្ខំឱ្យរុស្ស៊ីបញ្ឈប់ការធ្វើសង្គ្រាមរបស់ខ្លួន លើទឹកដីអ៊ុយក្រែន ប៉ុន្តែប្រទេសដែលត្រូវរងការឈឺចាប់ដោយទង្វើដាក់ទណ្ឌកម្មលើរុស្ស៊ី នោះគឺប្រទេសដែលស្ថិតក្នុងចង្កោមសហគមន៍អឺរ៉ុបរបស់ខ្លួនឯងនេះទៅវិញ បន្ទាប់ពី រុស្ស៊ីបានសម្រេចថាបញ្ឈប់ការផ្គត់ផ្គង់ថាមពលប្រេងរបស់ខ្លួនទៅអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ដែលតែងទទួលបានការផ្គត់ផ្គង់ច្រើនជាងគេបំផុត។

ស្នៀតពិសេសរបស់រុស្ស៊ីដោយការបិទការបង្ហូរប្រេងនិងឧស្ម័ននេះ បានធ្វើឱ្យសាមគ្គីភាពនៃបណ្តាប្រទេសអឺរ៉ុប បានបែកបាក់គ្នា។ បណ្តារដ្ឋមន្ត្រីនៃ ក្រសួងថាមពលក្នុងទ្វីបអឺរ៉ុប និងបណ្តាមេដឹកនាំប្រទេសគ្រោងជួបគ្នា ក្នុងក្រុង Brussels ដែលជារដ្ឋធានីសហគមន៍អឺរ៉ុបនៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។ គម្រោងជួបគ្នានោះ គឺការជំរុញសាមគ្គីភាពរបស់អឺរ៉ុបកុំឱ្យមានការបែកបាក់គ្នា ដោយសារតែស្នៀតពិសេសរបស់រុស្ស៊ី កំពុងខ្ទប់ដង្ហើម សេដ្ឋកិច្ចអឺរ៉ុបដែលបន្តគាំទ្រអ៊ុយក្រែនធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

ពេលនេះ ការបញ្ឈប់ផ្តល់ថាមពលទាំងស្រុងដល់អឺរ៉ុបនេះ បាននាំឱ្យមានការផ្ទុះកំហឹងដល់ពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងចំណាត់ការរដ្ឋាភិបាលខ្លួនឯង ដែលគេចោទថាបានធ្វើឱ្យពលរដ្ឋរបស់ខ្លួនជួបនឹងវិបត្តិសេដ្ឋកិច្ច។ តាមបណ្តាប្រទេសមួយចំនួននាពេលនេះ ការធ្វើបាតុកម្មជំទាស់បានកើតឡើង រួចទៅហើយ ជាពិសេសករណីដែលវិក័យបត្រប្រេង និងអគ្គីសនីបានកើនតម្លៃខ្ពស់។ ក្រុមបាតុករក្នុងក្រុង Naples នៃប្រទេសអ៊ីតាលី បានសម្តែង ការខឹងសម្បារ និងពួកគេបាននាំគ្នាយកវិក័យបត្រប្រេង និងអគ្គីសនីទាំងនោះដុតចោល។

ពលរដ្ឋអ្នកតវ៉ាបានថ្លែងថានយោបាយអ៊ីតាលីនេះមិនបានជួយដល់ប្រជាពលរដ្ឋឡើយ។ បាតុករចោទថាក្រុមបណ្តាញសារព័ត៌មាន ផ្តល់នូវរឿងមិនពិតនៃ ការកើនឡើង GDP ឬការគ្មានការងារបានធ្លាក់ចុះជាដើម។ បាតុករនិយាយថាតើពេលនេះគេបានឃើញអ្វីខ្លះ? អ្នកនយោបាយ គឺគិតតែមុខជំនួញរបស់គេ និងសង្គ្រាមតែប៉ុណ្ណោះ។ ពួកគេបង្កើតតែជម្ងឺឆ្លងថ្មីដើម្បីតែការរកលុយ និងពួកគេគិតតែការកាត់បន្ថយអត្ថប្រយោជន៍នៃប្រាក់គ្មានការធ្វើតែប៉ុណ្ណោះ។
បាតុករបានថ្លែងទៀតថា តាមពិតពួកគេកំពុងតែប្រាប់ពលរដ្ឋឱ្យចេះតែទៅមុខ និងការលួច និងពួកគេបានបង្ខំយើងដើម្បីឱ្យក្លាយជាចោរគាស់ហាង និងផ្ទះហើយ។ នៅក្នុងសាធារណរដ្ឋឆែកនោះវិញ បាតុករឆែកប្រមាណ ៧ម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុង Prague តវ៉ាចំពោះការកើនឡើងនៃតម្លៃ ថាមពល ប្រេង និងឧស្ម័ន និងបាតុករបានទាមទារឱ្យបញ្ចប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញរឿងសង្គ្រាមនៅអ៊ុយក្រែន។ ក្រុមបាតុករបានចោទថា រដ្ឋាភិបាលឆេកមិនបានគិតលើការដោះស្រាយជីវភាពប្រជាជនរបស់ខ្លួនឯង ចំពោះបញ្ហាដែលមានការកើនឡើងថ្លៃនៃតម្លៃប្រេងនិងឧស្ម័នឡើយ។

នៅក្នុងប្រទេសអាល្លឺម៉ង់នោះវិញ, ពលរដ្ឋក្នុងក្រុង Leipzig ប្រមាណ៣ពាន់នាក់បានធ្វើបាតុកម្មដូចគ្នាប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលដែលធ្វើឱ្យ ពួកគេជួបនឹងវិបត្តិទំនិញឡើង ថ្លៃជាពិសេសតម្លៃប្រេងឧស្ម័ន និងអគ្គីសនី និងភាពខ្វះខាតមិនគ្រប់គ្រាន់របស់ពួកគេដោយសារតែវិធានការរដ្ឋាភិបាល មិនបានគិតគូរដល់ពលរដ្ឋខ្លួនឯង។ ការធ្វើបាតុកម្មជំទាស់ដូចគ្នានេះផងដែរ ត្រូវគេរាយការណ៍ថាមាននៅក្នុងប្រទេសហុងគ្រី និងតាមកន្លែងដទៃទៀត ប៉ុន្តែប្រទេសមួយចំនួនដូចជាប្រទេសអង់គ្លេសជាដើម, ពលរដ្ឋនៅតែបន្តរក្សាគាំទ្រនយោបាយរដ្ឋាភិបាលរបស់ខ្លួនជួយប្រទេសអ៊ុយក្រែនជាដដែល បើទោះបីមានការប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

ប្រទេសអង់គ្លេសគឺជាប្រទេសដែលមិនបានពឹងផ្អែកលើថាមពលប្រេង និងឧស្ម័នរបស់រុស្ស៊ីឡើយ ប៉ុន្តែតម្លៃប្រេង និងឧស្ម័ននៅតែកើនខ្ពស់ដូចប្រទេសដទៃ ក្នុងទ្វីបអឺរ៉ុប។ ប្រទេសអង់គ្លេសបានទទួលការផ្គត់ផ្គង់ប្រេងពីបណ្តាប្រទេសផ្សេងទៀតលើសកលលោក។ នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី Liz Truss ដែលទើបឡើងកាន់តំណែង បានបង្ហាញនូវគោលនយោបាយរបស់ខ្លួនបន្តគាំទ្រអ៊ុយក្រែន បើទោះបីជាអឺរ៉ុបបានប្រឈមនឹងសភាពបែកបាក់គ្នា ដោយសារតែរុស្ស៊ីបិទការផ្គត់ផ្គង់តាមប្រព័ន្ធបំពង់បង្ហូរប្រេង Nord Stream1 ក៏ដោយ។

បើទោះបីជាប្រទេសអង់គ្លេសឬប្រទេសតិចតួចខ្លះទៀតក្នុងទ្វិបអឺរ៉ុប បានបង្ហាញនូវជំហរមាំ មួនរបស់ខ្លួនដើម្បីការពារផលប្រយោជន៍អ៊ុយក្រែនក៏ដោយ ក្រុមអ្នកវិភាគនយោបាយបានថ្លែងថាសាមគ្គីភាពគ្នារវាងទ្វីបអឺរ៉ុបនឹងមិនអាចដូចដើមបានទេ ដោយសារតែវិបត្តិនៃសេដ្ឋកិច្ច ជាពិសេសខណៈដែលរុស្ស៊ី កំពុងបិទចរន្តដង្ហើមសេដ្ឋកិច្ចតាមរយៈការបញ្ឈប់ផ្តល់ប្រេងឥន្ធនៈ នាពេលនេះខណៈដែលរដូវរងាកាន់តែឈានជិតមកដល់។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានថ្លែងថាអឺរ៉ុបកំពុងតែទទួលបាបមកវិញនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។ មេដឹកនាំតួកគីរូបនេះបានថ្លែង ថាទ្វីបអឺរ៉ុបកំពុងទទួលបាននូវអ្វីដែលខ្លួនបានសាបព្រួស។ លោកថាតាមពិតអកប្បកិរិយារបស់របស់អឺរ៉ុបចំពោះលោក វ្ល៉ាឌីមៀ ពូទីន ដោយការដាក់ទណ្ឌកម្ម នោះ បាននាំឱ្យលោកពូទីនត្រូវសម្រេចចិត្តថា បើអ្នកឯងធ្វើយ៉ាងនេះប្រឆាំងដាក់ចំពោះខ្ញុំ, អញ្ចឹងខ្ញុំក៏ត្រូវធ្វើយ៉ាងនោះប្រឆាំងដាក់ចំពោះអ្នកឯកវិញដែរ។ លោក Recep Tayyip Erdogan បានថ្លែងថាលោកពូទីន បានប្រើប្រាស់អស់នូវគ្រប់មធ្យោបាយរបស់លោករួមទាំងការប្រើអាវុធតបតទៅវិញ និងក្នុងនោះ អាវុធដ៏សំខាន់បំផុតគឺ គឺអាវុធថាមពលប្រេងនិងឧស្ម័ន។

នៅជាមួយគ្នាផងដែរ សហគមន៍អឺរ៉ុបក្នុងការសងសឹកនឹងរុស្ស៊ីដែលបានបិទការបង្ហូរប្រេងតាមបំពង់ Nord Stream1 បានចេញប្រកាសបញ្ឈប់ការទាក់ទង ជាមួយនឹងរុស្ស៊ីនិងបានបិទទ្វារទេសចរណ៍រុស្ស៊ីទាំងអស់មិនឱ្យចូលក្នុងទ្វីបអឺរ៉ុបផងទៀត។ លោកស្រី អ៊ីលវ៉ា ចូហាន់សុន (Ylva Johansson) ផ្នែកកិច្ចការ មហាផ្ទៃរបស់សហគមន៍អឺរ៉ុបបានថ្លែងថា ពលរដ្ឋរុស្ស៊ីនឹងមិនត្រូវទទួលបានភាពងាយស្រួលរបស់ខ្លួនចូលមកក្នុងទឹកដីរបស់សហភាពអឺរ៉ុបបានឡើយ។ លោកស្រីថ្លែងថាតាមពិតការធ្វើជាទេសចរណ៍ម្នាក់ក្នុងទឹកដីសហភាពអឺរ៉ុបមិនមែនជាសិទ្ធិសំខាន់អ្វីនោះទេ។ លោកស្រី អ៊ីលវ៉ា បន្តថាថ្ងៃនេះ គណៈកម្មការអឺរ៉ុប បានអនុម័តនូវសំណើមួយក្នុងការផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងផ្តល់ទិដ្ឋាការអឺរ៉ុបជាមួយនឹងរុស្ស៊ី និងលោកស្រីថាពេលនេះគឺជាពេល ដែលគ្មានមូលដ្ឋាននៃការទុកចិត្តគ្នា, គ្មានមូលដ្ឋាននៃទំនាក់ទំនងពិសេសរវាងសហគមន៍អឺរ៉ុបនិងរុស្ស៊ីទៀតឡើយ។

ការផ្អាកនេះមានន័យថាពលរដ្ឋរុស្ស៊ីនឹងលែងមានសិទ្ធិរបស់ខ្លួនក្នុងការចូលមកក្នុងទឹកដីអឺរ៉ុបនេះទៀតហើយ។ ប្រទេសរុស្ស៊ីបានថ្កោលទោសសាជាថ្មីចំពោះ ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ៕