(កៀវ)៖ ប្រមុខយោធាអ៊ុយក្រែន លោក វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) បានព្រមានពីលទ្ធភាពដែលរុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលអាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរមានកម្រិតមួយ ជាមួយមហាអំណាចលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក វ៉ាឡេរី ហ្សាលូស្នី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទអត្ថាធិប្បាយដ៏កម្រមួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ដោយទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែន Ukrinform ជាមួយការសង្កត់ធ្ងន់ថាសង្រ្គាមសព្វថ្ងៃ អាចនឹងអូសបន្លាយដល់ឆ្នាំ២០២៣។ លោក ហ្សាលូស្នី បានគូសបញ្ជាក់ដូច្នេះថា «វាពិតជា មានការគំរាមកំហែងដោយផ្ទាល់ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក ដោយកងកម្លាំងរុស្ស៉ី ហើយគេក៏មិនអាចច្រានចោលបានដែរនូវលទ្ធភាពនៃ ការចូលរួមដោយផ្ទាល់ពីប្រទេសមេដឹកនាំពិភពលោកដទៃ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរមានកម្រិតមួយ ដែលនឹងធ្វើឱ្យហានិភ័យនៃសង្រ្គាមលោកលើកទី៣ កាន់តែមើលឃើញច្បាស់»។

គួរបញ្ជាក់ថា រុស្ស៉ី ជារឿយៗតែងតែច្រានចោលចំពោះការលើកឡើងដែលថាទីក្រុងមូស្គូ អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ក្រុមអ្នកជំនាញជឿថា លោក ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក ប្រសិនបើរុស្ស៉ីប្រឈមមុខនឹងបរាជ័យនៅអ៊ុយក្រែន៕)