(វ៉ាស៊ីនតោន)៖ នៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង រុស្ស៉ីបានព្យាយាមយ៉ាងខ្លាំងក្នុងការការពារសេដ្ឋកិច្ចរបស់ខ្លួន ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក តាមរយៈការបោះដៃទៅរកមហាយក្ស ២នៅអាស៊ី នោះគឺចិន និងឥណ្ឌា។ ជាមួយការលក់បញ្ចុះតម្លៃប្រេង និងឧស្ម័ន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើជំនួញអាវុធ រុស្ស៉ីកំពុងប្រឹងប្រែងប៉ះប៉ូវឡើងវិញនូវការខូចខាត ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មជាមួយ លោកខាងលិច ឈានដល់កម្រិតទាបមួយមិនធ្លាប់មានពីមុនមក។

ជាការពិតណាស់ ការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសិ្ថរភាពជាមួយចិន និងឥណ្ឌា វាអាចជួយបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចនៅក្នុងស្រុក។ ក៏ប៉ុន្តែ វាមិនអាចជួយ រុស្ស៉ីឡើយ ក្នុងការជំរុញល្បឿនទៅមុខនូវយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់សំខាន់ៗមួយចំនួនដូចជាតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលសហរដ្ឋអាមេរិក និងចិន ត្រូវបានគេមើលឃើញថានៅតែជាមហាអំណាចក្រៅតំបន់ ដែលមានអំណាចលើសលប់។

កាលពីប៉ុន្មានខែថ្មីៗនេះ ប្រទេសជាសមាជិកអាស៊ានមួយចំនួនបានបង្ហាញការស្ទាក់ស្ទើរចំពោះទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៉ី និងខ្លះទៀតបានប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងរុស្ស៉ីតែម្ដងពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ តួយ៉ាងដូចជា សិង្ហបុរីបានចេញមុខថ្កោលទោសរុស្ស៉ីចំៗសម្រាប់ការឈ្លានពានលើអ៊ុយក្រែន និងបានដាក់ទណ្ឌកម្មលើ ទីក្រុងមូស្គូ។ រីឯសមាជិកអាស៊ាន ២ផ្សេងទៀត ហ្វីលីពីន និងឥណ្ឌូណេស៊ីបានប្រកាសលុបចោលកិច្ចព្រមព្រៀងទិញអាវុធដ៏ធំសម្បើមជាមួយរុស្ស៉ី ហើយលើសពីនេះទៅទៀត សូម្បីតែវៀតណាមដែលជាមានទំនាក់ទំនងជាប្រពៃណីជាមួយរុស្ស៉ី ក៏កំពុងប្រញាប់ប្រញាលដាក់ចេញនូវយន្ដការថ្មីៗ ដើម្បីអាចរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ជាមួយទីក្រុងមូស្គូ។

* សម្ព័ន្ធមិត្តចាស់ តែបញ្ហាថ្មី
សម្ព័ន្ធមិត្តជិតស្និទ្ធ និងដ៏មានសារៈសំខាន់បំផុតរបស់រុស្ស៉ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺគ្មាននរណាផ្សេងក្រៅពីវៀតណាមនោះឡើយ។ បន្ទាប់ពីបានបង្កើតទំនាក់ទំនងទ្វេភាគី ជាផ្លូវការក្នុងឆ្នាំ១៩៥០ ទីក្រុងហាណូយ និងទីក្រុងមូស្គូបានប្រឹងប្រែងរក្សាទំនាក់ទំនងល្អនឹងគ្នាពេញមួយសម័យសង្រ្គាមត្រជាក់។ បើទោះជាសង្រ្គាមត្រជាក់បានបិទបញ្ចប់ ហើយអតីតសហភាពរលំរលាយក៏ដោយ ក៏ប្រទេសទាំង២ នៅតែបន្តប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ដោយនៅឆ្នាំ២០០១ ហាណូយ និងមូស្គូបានបង្កើតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្រ្ត» ហើយមួយទសវត្សរ៍ក្រោយមក បានដំឡើងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

បើតាមវិទ្យាសា្រវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) វៀតណាមតែម្នាក់ឯងស្ទើរតែរ៉ាប់រងទីផ្សារនាំចូលអាវុធរបស់រុស្ស៉ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅហើយ ជាមួយការ ទិញអាវុធក្នុងទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារពីរុស្ស៉ីក្នុងរយៈពេល ២ទសវត្សរ៍កន្លងទៅនេះ។ រុស្ស៉ីបានផ្គត់ផ្គង់ឱ្យវៀតណាមនូវបរិក្ខារយោធាទំនើបៗ ក្នុងនោះរួមមាន យន្ដហោះចម្បាំងជំនាន់ទី៤ និងនាវាមុជទឹក។ មិនតែប៉ុណ្ណោះរុស្ស៉ី ក៏ជាប្រភពផ្គត់ផ្គង់ផលិតផលអ៉ីដ្រូកាបូន និងជាអ្នកវិនិយោគលើវិស័យថាមពលដ៏សំខាន់សម្រាប់វៀតណាម ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ដោយឡែក បើនិយាយពីទំនាក់ទំនងសេដ្ឋកិច្ច ក៏មានកំណើនគួរឱ្យកត់សម្គាល់ដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងវៀតណាម និងរុស្ស៉ីបានកើនដល់ ៧.១ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយរុស្ស៉ីមានគម្រោងវិនិយោគចំនួន១៥០ មានតម្លៃជាង១ពាន់លានដុល្លារ នៅក្នុង ប្រទេសអាស៊ានមួយនេះ ខណៈវៀតណាមបានបោះទុនវិនិយោគនៅរុស្ស៉ីក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ។

តែទោះជាបែបនេះក្ដី ដោយសារតែខ្លាចជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច វៀតណាមមិនអាចរក្សាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៉ីឱ្យមានស្ថិរភាព នោះទេ។ ជាក់ស្ដែង កាលពីប៉ុន្មានខែថ្មីៗនេះ វៀតណាមត្រូវបានគេមើលឃើញថាបានកាត់បន្ថយការនាំចេញចំណីអាហារ និងផលិតផលកសិកម្មទៅកាន់រុស្ស៉ី រីឯរុស្ស៉ីវិញ ក៏មិនបានបង្កើនការនាំចេញថាមពល និងផលិតផលកសិកម្មឱ្យវៀតណាមនោះដែរ។ តែនេះមិនមែនមានន័យថាទំនាក់ទំនងរវាងវៀតណាម និងរុស្ស៉ីរង្គោះរង្គើរទាំងស្រុងទេ ពោលគឺគ្រាន់តែទីក្រុងហាណូយ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយរុស្ស៉ី ក្រោមហេតុផលមួយចំនួន នោះគឺខ្លាចជាប់ទណ្ឌកម្មរបស់លោកខាងលិច ហើយណាមួយបញ្ហាដែលវៀតណាមកំពុងផ្ដោត គឺជម្លោះដែនទឹកជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ ម្លោះហើយ ដើម្បីមានខ្នងបង្អែកដែលអាចជួយទីក្រុងហាណូយ ប្រឈមមុខជាមួយទីក្រុងប៉េកាំងបាន វៀតណាមមិនចង់ធ្វើឱ្យសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប អន់ចិត្ត ឬខឹងសម្បារនោះទេ។

* បាត់បង់ឱកាស
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ីបានតាំងខ្លួនឯងជា «កម្លាំងទី៣ដ៏មានសក្ដានុពល» ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ លោក ពូទីន ក៏មាន អ្នកគាំទ្ររូបលោកដែរនៅក្នុងតំបន់ដូចជាអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ដែលចាត់ទុកលោក ពូទីន ជានិមិត្តរូបជាដើម។ នៅក្នុងគោលបំណងធ្វើពិពិធកម្មភាពជា ដៃគូខាងវិស័យការពារជាតិរបស់ខ្លួន ហ្វីលីពីន និងឥណ្ឌូណេស៊ីបានចាប់ផ្ដើមបើកកិច្ចចរចាលើកិច្ចព្រមព្រៀងទិញអាវុធទ្រង់ទ្រាយធំជាមួយរុស្ស៉ី ដែលនេះជាឱកាសឱ្យរុស្ស៉ី អាចពង្រីកឥទ្ធិពលក្នុងតំបន់។ មួយវិញទៀត អំឡុងនៃការឆ្លងរាតត្បាតកូវីដ១៩ ទីក្រុងមូស្គូ បានបង្កើនយុទ្ធនាការវ៉ាក់សាំងការទូតតាមរយៈការផ្ដល់ជំនួយផ្នែកសុខាភិបាល សាធារណៈក្នុងនោះរួមមានទាំងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ១៩។ ក៏ប៉ុន្តែ រុស្ស៉ីបានបាត់បង់ឱកាសជាច្រើន នៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។

ចាប់ផ្ដើមមុនគេ ឥណ្ឌូណេស៊ី បានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង Su-35 មានតម្លៃរាប់ពាន់លានដុល្លារជាមួយរុស្ស៉ី ក្នុងបរិបទដែលទីក្រុង ហ្សាការតាកំពុងធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន ដោយសុខចិត្តប្ដូរទៅចរចាទិញយន្ដហោះចម្បាំង Rafales របស់បារាំង និង F-15 ពីសហរដ្ឋអាមេរិកវិញ។ ប្រមុខកងទ័ព អាកាសឥណ្ឌូណេស៉ី លោក ហ្វាតចា ប្រាសេតយ៉ូ (Fadjar Prasetyo) បានទទួលស្គាល់ថាការសម្រេចចិត្តបែបនេះរបស់ឥណ្ឌូណេស៊ី ដោយសារតែបារម្ភខ្លាចជាប់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។

ព្រមពេលជាមួយគ្នានោះដែរ ហ្វីលីពីនត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមសើរើឡើងវិញពីទំនាក់ទំនងជាមួយរុស្ស៉ី ដោយសូម្បីតែលោក ឌូតើតេ ដែលធ្លាប់មានទំនាក់ទំនង ផ្អែមល្ហែមជាមួយលោក ពូទីន អស់រយៈពេលជាង ៦ឆ្នាំ នៃការកាន់អំណាចរបស់លោក បានចេញមុខថ្កោលទោសជាសាធារណៈលើសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ មួយរយៈខ្លីក្រោយមក ទើបទីក្រុងម៉ានីល សម្រេចចិត្តមោឃៈភាពកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រធុន Mi-17 ចំនួន១៦គ្រឿង ក្នុងតម្លៃ ២៤៤.២លានដុល្លារ ជាមួយទីក្រុងមូស្គូ។ ទាំងប្រមុខការពារជាតិ និងការបរទេសហ្វីលីពីនបានទទួលស្គាល់ថាការបោះបង់ចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រពីរុស្ស៉ី គឺដោយសារតែហ្វីលីពីន ខ្លាចជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយដូចគ្នាទៅនឹងឥណ្ឌូណេស៊ី ហ្វីលីពីនកំពុងពិចារណាទិញអាវុធពីលោកខាងលិច ដូចជាឧទ្ធម្ភាគចក្រ CH-47 Chinook ពីសហរដ្ឋអាមេរិកជំនួសវិញ។

ចុងក្រោយគេ នោះគឺសិង្ហបុរី ក៏បានពិរចារណាឡើងវិញផងដែរពីការសន្យារបស់ខ្លួនចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី ដែលធ្វើឡើងនៅពេលប្រទេសទាំង២ សម្រេច បានជាស្ថាពរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ (Eurasian Economic Union -Singapore Free Trade Agreement) កាលពីឆ្នាំមុនក្នុងគោលបំណងពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងរុស្ស៉ី និងតំបន់អាស៊ីអាគ្នេយ៍។ តែដោយសារសង្រ្គាមអ៊ុយក្រែន សិង្ហបុរីបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៉ី ហើយជាការឆ្លើយតប រុស្ស៉ីបានរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយសិង្ហបុរីវិញដែរ។

ដូច្នេះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច រុស្ស៉ីនឹងមិនអាចរក្សាល្បឿនទៅមុខនូវយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ និងមិនអាច ធ្វើជា «កម្លាំងទី៣ដ៏មានសក្ដានុពល» ក្នុងបរិបទនៃការប្រជែងគ្នារឹតតែខ្លាំងរវាងចិន និងសហដ្ឋអាមេរិកបាននោះដែរ។ បានន័យថាបើសង្រ្គាមអ៊ុយក្រែននៅតែបន្តអូសបន្លាយ នោះយុទ្ធសាស្ត្ររបស់រុស្ស៉ីក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងនៅតែជួបឧបសគ្គរារាំងស្ទះ ហើយកាន់តែជួយពង្រឹងតួនាទីស្នូលរបស់សហរដ្ឋអាមេរិក និងចិន នៅក្នុងការកំណត់ សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ៕