(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសអ៊ូសបេគីស្ថាន នេះបើតាមមន្ត្រីរុស្ស៊ីម្នាក់បានឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Andrei Denisov បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំទាំងពីរ នឹងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលធ្វើឡើងនៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី ១៥-១៦ ខែកញ្ញានេះ។

លោក Denisov បានលើកឡើងយ៉ាងដូច្នេះថា «តិចជាង ១០ថ្ងៃចាប់ពីពេលនេះតទៅ កិច្ចប្រជុំមួយទៀតរបស់មេដឹកនាំយើង នឹងធ្វើឡើងនៅឯកិច្ចប្រជុំកំពូល SCO នៅទីក្រុង Samarkand ។ យើងកំពុងរៀបចំយ៉ាងសកម្មសម្រាប់វា»

គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី បានជួបប្រជុំគ្នាចុងក្រោយ នៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ប៉ុន្មានសប្តាហ៍មុនពេល ដែលវិមានក្រឹមឡាំងបញ្ជូនទាហានចូលអ៊ុយក្រែន។ ប្រធានាធិបតីទាំងពីរ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយសន្យាថាទំនាក់ទំនងរវាងភាគីនឹងគ្មានដែនកំណត់។ វានៅតែមិនច្បាស់ថា តើលោក ស៊ី បានដឹងពីផែនការរបស់រុស្ស៊ី ក្នុងការចាប់ផ្តើមនូវអ្វីដែលក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែនដែរ ឬយ៉ាងណានោះទេ៕