(ហុងកុង)៖ បុរស៣នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តស្ទូចមួយគ្រឿង បានដួលនៅការដ្ឋានសំណង់កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយក្រុមអ្នកជួយសង្គ្រោះបានព្យាយាមដោយឥតប្រយោជន៍អស់ជាច្រើនម៉ោង ដើម្បីទៅដល់ជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរបាននិយាយថា បុរសម្នាក់បានស្លាប់នៅឯការដ្ឋានក្នុងទីក្រុង Kowloon បន្ទាប់ពីរងរបួសលលាដ៍ក្បាល និងម្នាក់ទៀតបានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រុមអ្នកជួយសង្គ្រោះបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីរំកិលដងស្ទួចដែលបានដួលរលំលើផ្ទះកុងតឺន័រជាច្រើន ដែលប្រើជាការិយាល័យបណ្តោះអាសន្ន ក្នុងការប៉ុនប៉ងដើម្បីទាញយកជនរងគ្រោះទីបី។ ក្រោយមកប៉ូលិសបានបញ្ជាក់ថា បុរសនោះក៏បានស្លាប់ដែរ។
មន្ត្រីសេវាពន្លត់អគ្គិភ័យ លោក Yim Ying-kit ប្រាប់អ្នកសារព័ត៌មានថា រថយន្តស្ទូចកំពុងដំណើរការ នៅពេលដែលវាបានដួលរលំភ្លាមៗមុនម៉ោង១១ព្រឹក ប៉ុន្តែមិនបានស្ទួចអ្វីទេនៅពេលនោះ។ លោកបានបន្ថែមថា កម្មករសំណង់ខ្លះនៅក្នុងផ្ទះកុងតឺន័រ ពេលស្ទូចបានធ្លាក់មកលើពួកគេ។
កាសែត South China Morning Post បានរាយការណ៍ថា កន្លែងកើតហេតុនៃឧបទ្ទវហេតុនេះ គឺជាផ្នែកមួយនៃការដ្ឋានសំណង់ដ៏ធំមួយ សម្រាប់គម្រោងលំនៅដ្ឋានសាធារណៈឧបត្ថម្ភធន ដែលមានគោលបំណងបង្កើតផ្ទះចំនួន ១៩,០០០ខ្នង៕