(ណៃពិដោ)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) បាននិយាយថា វិបត្តិក្នុងប្រទេសរបស់លោក គឺស្ថិតក្រោមការគ្រប់គ្រងបាន ហើយរបបយោធានឹងដឹកនាំរៀបចំការឆ្នោតតាមការគ្រោងទុក ដោយគ្មានការជ្រៀតជ្រែកពីបរទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ក្នុងបទសម្ភាសន៍ដ៏កម្រមួយ ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ លោក មីន អោងឡាំង បាននិយាយថា វាឆាប់ពេកក្នុងការនិយាយថាការបោះឆ្នោត ដែលគ្រោងទុកជាបណ្តោះអាសន្ន នៅខែសីហា ឆ្នាំ២០២៣ នោះ អាចនឹងត្រូវពន្យារពេល ហើយរបបយោធានៅតែមានពេលច្រើន ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។
លោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសន្យាថានឹងរៀបចំការបោះឆ្នោតនៅពេលខាងមុខ ហើយយើងកំពុងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញកិច្ចការនេះ។ លើសពីនេះ ការបោះឆ្នោះត្រូវតែធ្វើឡើងដោយគ្មានសម្ពាធពីខាងក្រៅ បើមិនដូច្នេះទេ វានឹងមិនមានភាពយុត្តិធម៌និងតម្លាភាព។ ហើយយើងនឹងអនុវត្តការបោះឆ្នោត ដោយគ្មានការជ្រៀតជ្រៀតពីបរទេស»។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពី មានរដ្ឋប្រហារដោយយោធា ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងអតីតរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi)។ ចាប់តាំងពីពេលនោះមក លោក មីន អោងឡាំង មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកាអន្តរជាតិឡើយ៕