(សេអ៊ូល)៖ មនុស្សសរុបចំនួន១០នាក់ ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងមួយ បានវាយប្រហារមកលើ ប្រទេសកូរ៉េខាងត្បូង ដោយនាំឱ្យមានការជន់លិចផ្លូវថ្នល់ និងអគារ ព្រមទាំងបង្កជាគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរគ្រោះមហន្តរាយកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានឱ្យដឹងថា មនុស្ស១០នាក់បានស្លាប់ និង២នាក់នៅបន្តបាត់ខ្លួន ដោយសារតែ ការវាយប្រហាររបស់ព្យុះទីហ្វុង ហ៉ីនណាំន័រ (Hinnamnor) ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងត្បូង របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ-អង្គារសប្តាហ៍នេះ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត ភាគច្រើនស្ថិតនៅក្នុងទីក្រុងផូហាង (Pohang)។

ក្រៅពីផ្តាច់ជីវិតមនុស្ស ព្យុះទីហ្វុងខាងលើ ក៏បានបង្ខំឱ្យប្រជាជនកូរ៉េខាងត្បូងខ្ទង់ ៤,៧០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីសុវត្ថិភាព ផងដែរ ហើយលំនៅឋាននិងអគារផ្សេងៗសរុបប្រមាណ ១២,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។ ម៉្យាងវិញទៀត មនុស្សសរុបជិត ៩០,០០០គ្រួសារ នៅទូទាំងប្រទេស បានដាច់ចរន្តអគ្គិសនី ប៉ុន្តែវាត្រូវបានស្តារឡើងមកវិញ សម្រាប់អតិថិជនភាគច្រើន គិតត្រឹមព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ការវាយប្រហារនៃព្យុះទីហ្វុង ហ៉ីនណាំន័រ បានកើតមានឡើង បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងជោគជាំជាកំណត់ត្រា នៅជុំវិញរដ្ឋធានីសេអ៊ូល កាលពីខែសីហាកន្លងទៅ ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយបណ្តាលឱ្យមានមនុស្សយ៉ាងហោច ១៤នាក់ស្លាប់៕