(មូស្គូ)៖ មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង នាថ្ងៃពុធនេះ បានឱ្យដឹងថា មីយ៉ាន់ម៉ាបានចាប់ផ្តើមទិញ ផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ីហើយ និងរំពឹងការទៅដល់នៃឥន្ធនម៉ាស៊ូតដំបូង នៅក្នុងពេលប៉ុន្មានថ្ងៃមុខ ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីបង់ប្រាក់ដោយប្រើរូបិយបណ្ណរូប្លិ៍របស់រុស្ស៉ីថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Moscow Times នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
លោក មីន អោងឡាំង បានចែករំលែកពីដំណឹងខាងលើ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី កំលុងទស្សនកិច្ចលើកទី៣ នៅឯប្រទេសរុស្ស៉ី គិតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមពង្រឹងទំនាក់ទំនង នៅចំពោះមុខការដាក់ទណ្ឌកម្មរបស់អន្តរជាតិ។
ក្នុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី RIA Novosti ប្រមុខរបបយោធាមីយ៉ាន់ម៉ារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការដឹកជញ្ជូនផលិតផលប្រេងឥន្ធនៈពីរុស្ស៉ីទៅកាន់មីយ៉ាន់ម៉ា កំពុងតែដំណើរការទៅមុខហើយដោយជោគជ័យ។ យើងនឹងទទួលបានឥន្ធនៈម៉ាស៊ូតដំបូងពីរុស្ស៉ី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
ពាក់ព័ន្ធនឹងការទូទាត់ប្រាក់វិញ លោក មីន អោងឡាំង បានបន្តថា «រូបិយបណ្ណណាក៏ដោយ ឱ្យតែភាគីរុស្ស៉ីទទួលយក គឺយើងនឹងទូទាត់ តាមរូបិយបណ្ណនោះ។ ប្រការនេះផ្តល់ភាពងាយស្រួលជាខ្លាំងសម្រាប់យើង ដោយសារតែការទទួលនិងផ្ទេរប្រាក់ដោយប្រើប្រាស់ រូបិយបណ្ណដទៃទៀត មានការរឹតត្បិតជាច្រើន»។
គួរបញ្ជាក់ថា កាលពីខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា លោក មីន អោងឡាំង ទទួលបានការអនុញ្ញាតឱ្យនាំចូល ប្រេងឥន្ធនៈពីរុស្ស៉ី កំលុងទស្សនកិច្ចលើកទី២ របស់លោក ដែលប្រព្រឹត្តទៅកាលពីខែកក្កដា។ ដោយឡែក បើតាមវិមានក្រឹមឡាំង នៅថ្ងៃពុធនេះ លោក មីន អោងឡាំង ក៏បានជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅក្រៅវេទិកាសេដ្ឋកិច្ចចុងបូព៌ា EEF ក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ផងដែរ៕