(ប៉េកាំង)៖ ថ្ងៃទី៥ ខែកញ្ញា ស្រុក Luding មណ្ឌលស្វយ័តជនជាតិ Zang Ganzi ខេត្ត Sichuan កើត មានគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ។ ក្រោយពីកើតមានគ្រោះរញ្ជួយដី លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់អនុសាស៍សំខាន់ ដែលទាមទារឱ្យចាត់ទុកការជួយសង្គ្រោះអាយុជីវិតជាភារកិច្ចចម្បង ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយពេញទំហឹង ដើម្បីកាត់បន្ថយជាអតិបរមានូវចំនួនមនុស្សស្លាប់និងរបួស។

អំពីការងារទប់ទល់និងសង្គ្រោះគ្រោះរញ្ជួយដី ជានិច្ចកាល លោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ និងបានសង្កត់ធ្ងន់ពី «ភារកិច្ចចម្បង» មួយនេះជាច្រើនលើក។ ខាងក្រោមនេះយើងមកស្វែងយល់ពីភាពជាអ្នកដឹកនាំ ដែលតែងតម្កល់ប្រជាជនខ្ពស់ជាងគេក្នុងដួងចិត្តរបស់លោក Xi Jinping តាមរយៈអនុសាសន៍ពាក់ព័ន្ធរបស់លោក៖

ពេលផ្តល់អនុសាសន៍សំខាន់ចំពោះការងារជួយសង្គ្រោះគ្រោះរញ្ជួយដី Lushan ខេត្ត Sichuan កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា៖ គ្រោះមហន្តរាយគឺជាបទបញ្ជា។ ត្រូវចាត់ចែងកងទ័ពឱ្យទប់ទល់ និងសង្គ្រោះគ្រោះរញ្ជួយដីជាបន្ទាន់ ជួយសង្គ្រោះពលរដ្ឋជាប់គាំងនិងអ្នករងរបួសយ៉ាងពេញទំហឹង សហការជាមួយស្ថាប័នក្នុងតំបន់ធ្វើការផ្តល់លំនៅដ្ឋានដល់ពលរដ្ឋរងគ្រោះ និងធានាសុវត្ថិភាពនៅតំបន់រងគ្រោះ។

ពេលថ្លែងសារក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា៖ អ្វីដែល ខ្ញុំបារម្ភបំផុត គឺបន្ទាប់ពីកើតមានគ្រោះរញ្ជួយដី ចេះតែកើតមានរញ្ជួយដីតូចៗ ហើយធ្លាក់ភ្លៀងជាប់ ងាយបណ្តាលឱ្យកើតមានការរំអិលបាក់ដីជាដើម។ ខេត្ត Sichuan និងស្ថាប័នមានសមត្ថកិច្ច ត្រូវបង្កើនការពិនិត្យអង្កេត ការផ្តល់សញ្ញាព្រមាន និងការបង្ការជាបន្ទាន់ ព្រមនិងណែនាំប្រជាពលរដ្ឋឱ្យចៀសផុតពីគ្រោះថ្នាក់។

ពេលផ្តល់អនុសាសន៍សំខាន់ចំពោះគ្រោះរញ្ជួយដីកម្រិត ៦.០រិចទ័រនៅស្រុក Jinggu ក្រុង Puer ខេត្ត Yunnan កាលពីខែតុលា ឆ្នាំ២០១៤ លោក Xi Jinping បានលើកឡើងថា៖ កងទ័ពរំដោះប្រជាជននិងកងកម្លាំងប៉ូលិសប្រដាប់អាវុធប្រចាំក្នុងតំបន់ ត្រូវចូលរួមការជួយសង្គ្រោះនិងពន្លត់អគ្គិភ័យយ៉ាងលឿនរហ័ស រៀបចំចាត់ចែងមហាជនឱ្យបានសមស្រប។ ជាមួយគ្នានេះដែរ ចូលរួមការងារស្តារតំបន់រងគ្រោះឱ្យបានល្អ ដើម្បីធានាឱ្យជនរងគ្រោះឆ្លងរដូវរងាប្រកបដោយសុវត្ថិភាព។

ពេលផ្តល់អនុសាសន៍សំខាន់ចំពោះគ្រោះរញ្ជួយដីកម្រិត ៦.៦វិចទ័រ នៅក្រុង Changning ខេត្ត Sichuan កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក Xi Jinping បានលើកឡើងថា៖ រៀបចំការងារទប់ទល់និងជួយសង្គ្រោះគ្រោះរញ្ជួយដីដោយពេញទំហឹង ចាត់ទុកការរុករក និងជួយសង្គ្រោះអ្នករងរបួសជាភារកិច្ចចម្បង ដើម្បីកាត់បន្ថយនូវចំនួនមនុស្សស្លាប់និងរងរបួសជាអតិបរិមា ត្រូវស្តារការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងទឹកផឹក គមនាគមន៍និងទូរគមនាគមន៍ឱ្យបានឆាប់។

ពេលផ្តល់អនុសាសន៍សំខាន់ចំពោះគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រនៅស្រុក Luding ខេត្ត Sichuan កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថា៖ ត្រូវចាត់ទុកការជួយសង្គ្រោះអាយុជីវិតជាភារកិច្ចចម្បង ជួយសង្គ្រោះមហាជនរងគ្រោះ ដោយពេញទំហឹង។ សូមស្ថាប័នគ្រប់គ្រងបន្ទាន់ចាត់បញ្ជូនក្រុមការងារទៅកាន់ខេត្តSichuan ដើម្បីណែនាំការងារជួយសង្គ្រោះ។ កងទ័ពរំដោះប្រជាជននិងកងកម្លាំងប៉ូលិសប្រដាប់អាវុធ ត្រូវសហការយ៉ាងសកម្មជាមួយអាជ្ញាធរតំបន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនអស់ពីលទ្ធភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន