(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសលោកខាងលិចកំពុងបរាជ័យ ដោយសារតែការប៉ុនប៉ងឥតប្រយោជន៍របស់ខ្លួន ហើយការព្យាយាមធ្វើឲ្យរុស្ស៉ីនៅឯកោដោយទណ្ឌកម្មសេដ្ឋកិច្ចនោះនឹងបំផ្លាញពិភពលោក ខណៈដែលឥទ្ធិពលនៃតំបន់អាស៊ីកំពុងផុសត្រដែតឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចបូព៌ា ក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) លោក ពូទីន បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៉ី បានបង្កបញ្ហាថ្មីជំនួសជំងឺរាតត្បាតកូវីដ ១៩ ដែលបានគំរាមកំហែងជាចម្បងដល់សេដ្ឋកិច្ចពិភពលោក។ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងនិយាយអំពីប្រធានដ៏ក្តៅគគុករបស់ប្រទេសលោកខាងលិច ជាមួយនឹងការប៉ុនប៉ងយ៉ាងសាហាវរបស់ខ្លួន ដែលបានបំផុសនូវគំនិតអាក្រក់សម្រាប់ប្រទេសដ៏ទៃទៀត ក្នុងការព្យាយាមលុបបំបាត់អធិបតេយ្យរបស់រុស្ស៉ី និងធ្វើឲ្យរុស្ស៉ីស្ថិតក្រោមចំណុះរបស់ពួកគេ។ ខណៈដែលលោកខាងលិចកំពុងព្យាយាមគ្រប់គ្រងពិភពលោក ប៉ុន្តែអំណាចរបស់ពួកគេបានធ្លាក់ចុះ ខណៈតំបន់អាស៊ីប៉ាស៉ីហ្វិកបច្ចុប្បន្នមានការរីកចម្រើន»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើទីក្រុងមូស្គូ ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕