(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស គឺលោកស្រី លីស ត្រាស់ (Liz Truss) បានតែងតាំងលោក ជែម ក្លេវើលី (James Cleverly) ជារដ្ឋមន្រ្តីការបរទេស នៅក្នុងការប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មី របស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។

កាលនៅជារដ្ឋមន្រ្តីការបរទេស លោកស្រី ត្រាស់ ផ្ទាល់ បានបង្ហាញជំហររិះគន់ប្រឆាំងនឹងចិនក៏ដូចជារុស្ស៉ី ហើយលោក ក្លេវើលី វិញ បានឱ្យសញ្ញាដូចគ្នាថា រដ្ឋាភិបាលលោកស្រីច្បាស់ជានឹង ប្រកាន់គោលការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។ លោក ក្លេវើលី បានកាន់តួនាទីជារដ្ឋមន្រ្តីអប់រំ តាំងពីខែកក្កដា នៅពេលអតីតនាយករដ្ឋមន្រ្តី លោក បូរីស ចនសុន បានប្រកាសថា រូបលោកនឹងចុះចេញពីតំណែង ប៉ុន្តែនៅធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ជ្រើសរើសបានមេដឹកនាំថ្មី។

គួរបញ្ជាក់ថា ដោយមានវ័យ៥៣ឆ្នាំ លោក ក្លេវើលី ក៏ធ្លាប់កាន់តំណែងជាមន្រ្តីជាន់ខ្ពស់ ក្នុងក្រសួងការបរទេសថែមទៀតផង។ កាលពីឆ្នាំ២០១៩ រូបលោកបានចូលរួមឃោសនាស្វែងរកសំឡេងគាំទ្រ ដើម្បីក្លាយជាមេដឹកនាំអង់គ្លេស នៅពេលអតីតនាយករដ្ឋមន្រ្តី លោកស្រី ថេរីសា ម៉េយ (Theresa May) បានលាលែងពីតំណែង ប៉ុន្តែលោកក៏បានក្លាយជាបេក្ខជនដំបូងគេផងដែរ ដែលបានដកខ្លួនចេញពីការប្រកួតប្រជែងវិញ នាពេលនោះ៕