(ហាណូយ)៖ មន្រ្តីក្នុងតំបន់ បានឲ្យដឹងនៅថ្ងៃពុធនេះថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅឯភាគខាងត្បូង ប្រទេសវៀតណាម សម្លាប់មនុស្សចំនួន ១២នាក់ និងបង្កឱ្យរបួសចំនួន ១១នាក់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះជាន់ទី២ និងទី៣ នៃអគារខារ៉ាអូខេ ខាងលើនេះ ហើយអតិថិជន និងបុគ្គលិក បានជាប់គាំងនៅទីនោះ។ លោក ង្វៀន ថាញ់តាំ (Nguyen Thanh Tam) មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តប្រចាំទីក្រុង ថាន់អាន (Thuan An) បានប្រាប់ AFP ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះ នៅកន្លែងកើតហេតុនៅឡើយ។
គួរបញ្ជាក់ថា ករណីខាងលើ គឺជាករណីគ្រោះអគ្គិភ័យ ដែលមានអ្នកស្លាប់ច្រើនបំផុត នៅវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលមនុស្ស១៣នាក់ បានស្លាប់ ដោយសារភ្លើងឆាបឆេះ អគារអាផាតមិនមួយកន្លែង នៅទីក្រុងហូជីមិញ។ រីឯនៅឆ្នាំ២០១៦ ក៏មានករណីគ្រោះអគ្គិភ័យនៅហាងខារ៉ាអូខេ ក្នុងទីក្រុងហាណូយ បានបណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ផងដែរ ដែលជំរុញឱ្យមានការវាយតម្លៃឡើងវិញទូទាំងប្រទេស អំពីវិធានការបង្ការអគ្គិភ័យនៅតាមបារ និងក្លឹបកម្សាន្ត។ចំណែក កាលពីខែសីហា កន្លងទៅនេះ អ្នកពន្លត់អគ្គិភ័យ ៣នាក់ បានស្លាប់បន្ទាប់ពីព្យាយាមពន្លត់ភ្លើងឆេះ នៅហាងខារ៉ាអូខេមួយទៀត ក្នុងរដ្ឋធានីហាណូយ៕