(មូស្គូ)៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បាននិយាយថា រូបលោកចាត់ទុកប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជាមេដឹកនាំពិភពលោកម្នាក់ ដែលកំពុងបង្កើតស្ថិរភាពនៅលើឆាកអន្តរជាតិ ខណៈលោកកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
កំលុងជំនួបជាមួយលោក ពូទីន នៅក្រៅវេទិកាសេដ្ឋកិច្ចចុងបូព៌ា (EEF) ដែលរៀបចំឡើងក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) លោក មីន អោងឡាំង បានលើកឡើងយ៉ាងដូច្នេះថា «នៅក្រោមការដឹកនាំរបស់អ្នក (លោក ពូទីន) រុស្ស៉ីបានបោះជំហានទៅរកគោលជំហរ នៃភាពជាអ្នកដឹកនាំពិភពលោក ហើយយើងចាត់ទុកអ្នកមិនត្រឹមជា មេដឹកនាំនៃប្រទេសរុស្ស៉ីប៉ុណ្ណោះទេ គឺថែមទាំងជាមេដឹកនាំពិភពលោកមួយរូបផងដែរ ដោយសារតែអ្នកកំពុងគ្រប់គ្រង និងបង្កើតស្ថិរភាពជាសាកល»។
គួរបញ្ជាក់ថា ចាប់តាំងតែពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ លោក មីន អោងឡាំង ធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ីចំនួន ២លើករួចមកហើយ គឺកាលពីខែមិថុនា ឆ្នាំ២០២១ និងកាលពីខែកក្កដា ឆ្នាំ២០២២នេះ ប៉ុន្តែកំលុងទស្សនកិច្ចទាំងពីរលើកនោះ រូបលោក មិនបានជួបជាមួយលោក ពូទីន នោះទេ។ សម្រាប់ដំណើរទស្សនកិច្ចលើកទី៣វិញ គឺបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕