(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះបានសម្តែងការអបអរសាទរចំពោះនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី គឺលោកស្រី លីស ត្រាស់ (Liz Truss) នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ហើយមេដឹកនាំទាំងពីរបានសន្យាថានឹងពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈប្រទេសទាំង២ កំពុងរួមគ្នាប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា លោក បៃដិន និងលោកស្រី ត្រាស់ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងអង្គការណាតូ និងកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អូស្ត្រាលី-អង់គ្លេស ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២១ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ជាពិសេស បញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ចំណែកឯ លោក ចូ បៃដិន ក៏បានសរសេរនៅលើបណ្តាញTwitter យ៉ាងដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពិសេស រវាងប្រទេសរបស់យើង និងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាប្រឈមជាសកល រួមទាំងការបន្តការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី»។
គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោកស្រី លីស ត្រាស់ អាចជួបមុខគ្នាឆាប់ៗខាងមុខនេះ នាឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលគ្រោង ប្រារព្ធឡើងនៅចុងខែកញ្ញានេះ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បានសហការគ្នាក្នុងការជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី និងការប្រឆាំងនឹងឥទ្ធិពលរបស់ ចិននៅតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមន្ត្រីអង់គ្លេសមួយចំនួនរំពឹងថា អាចប៉ះប៉ូវផ្នែកពាណិជ្ជកម្ម និងភាពចលាចលសេដ្ឋកិច្ច បន្ទាប់ពី Brexit នៅមិនទាន់សម្រេចបាននៅឡើយទេ ក្រោមរដ្ឋបាលរបស់លោក បៃដិន៕