(ហ្សឺណេវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញដល់ប្រទេសស្រីលង្កាឲ្យបញ្ឈប់ «ការប្រើប្រាស់កម្លាំងបាយ» របស់ខ្លួនភ្លាមៗ ហើយ ដំណើការកាត់ទោសលើអ្នកដែលបានដឹកនាំប្រទេសឲ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនដូច្នេះថា «រដ្ឋាភិបាលថ្មីនៃប្រទេសសី្រលង្កាគួរតែបញ្ចប់មធ្យោបាយដោយ ការប្រើប្រាស់កម្លាំងយោធា ក៏ដូចជាបញ្ឈប់ផងដែរលើការពឹងផ្អែកទៅលើច្បាប់សន្តិសុខតឹងតែងហួសហេតុពេក រួមទាំងការបង្រ្កាបការតវ៉ាដោយសន្តិវិធី»។

អតីតឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឈែល បាឆេឡេត (Michelle Bachelet) ដែលបញ្ចប់អាណត្តិកាលពីខែសីហា បានលើកឡើងនៅក្នុងរបាយការណ៍ខាងលើនេះថា អ្នកដែលទទួលខុសត្រូវចំពោះការក្ស័យធនរបស់ប្រទេស គួរតែត្រូវបាននាំយកមកកាត់ទោស។ លោកស្រី បាឆេឡេត បានបន្ថែមដូច្នេះថា «UN សង្ឃឹមថារដ្ឋាភិបាលថ្មីនឹងរកដំណោះស្រាយបានត្រឹមត្រូវ ចំពោះបញ្ហាសេដ្ឋកិច្ច អំពើពុករលួយ និងការរំលោភបំពានអំណាច ជាមួយការប្តេជ្ញាចិត្តថ្មីដើម្បីបញ្ចប់និទណ្ឌភាព»

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស។ បច្ចុប្បន្ន ស្រីលង្កាកំពុងព្យាយាម ដោះបំណុលបរទេសជាង ៥១ពាន់លានដុល្លារ ហើយស្ថិតក្នុងការចរចារជុំចុងក្រោយសម្រាប់ការស្វែងរកថវិកាសង្រ្គោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ៕