(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសលោកស្រី លីស ត្រាស់ (Liz Truss) ដែលជាអ្នករិះគន់ចិនឥតសំចៃមាត់ម្នាក់ ត្រូវបានគេរំពឹងថានឹងប្រកាន់ជំហរតឹងរ៉ឹង ចំពោះទីក្រុងប៉េកាំង ព្រមទាំងចូលរួមចំណែកការពារសណ្តាប់ធ្នាប់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ត្រាស់ បានចាត់ទុកប្រទេសចិនថាជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជាមូលដ្ឋាន។ ថ្លែងក្នុងសុន្ទរកថាមួយកាលពីដើមឆ្នាំនេះ នាយរដ្ឋមន្ត្រីអង់គ្លេសថ្មីរូបនេះ ធ្លាប់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បណ្តាប្រទេសនានាត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ ហើយប្រទេសទាំងនោះក៏រាប់បញ្ចូលទាំងចិន ផងដែរ។ លោកស្រី បន្ថែមថាទីក្រុងប៉េកាំង កំពុងកសាងយ៉ាងឆាប់រហ័សនូវកម្លាំងយោធាដែលមានសមត្ថភាព ដែលអាចបាចសាចឥទ្ធិពលយ៉ាងជ្រៅលើ យុទ្ធសាស្រ្តរបស់អឺរ៉ុប។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកស្រីក៏ទទួលស្គាល់ដែរថាការកើនឡើងឥទ្ធិពលចិនគឺជារឿងចៀសមិនរួច ដូច្នេះលោកខាងលិចចាំបាច់ត្រូវតែ ធានា និងជួយឱ្យតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួនមានសមត្ថភាពការពារខ្លួនឯង។

គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ជំនួសលោក បូរីស ចនសុន ដែលបានលាលែងចេញពីតំណែងកាលពីខែកក្កដាកន្លងទៅ៕