(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធរបានបើកចរាចរណ៍ឡើងវិញនូវផ្លូវឆ្ពោះទៅកាន់តំបន់ដែលជាចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ក្នុងខេត្តស៊ីឈួន (Sichuan) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧២នាក់។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
គ្រោះរញ្ជួយដែលខាងលើគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត ដែលបានវាយប្រហារខេត្ត ស៊ីឈួន គិតចាប់តាំងពីឆ្នាំ២០១៧មក ដោយបានបំផ្លាញអគារជាច្រើន និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹក ព្រមទាំងទូរគមនាគមន៍ផងដែរ។ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរក អ្នកជាប់គាំងនៅក្រោមគំនរបាក់បែក ស្ដារឧបករណ៍ប្រើប្រាស់ និងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ ខណៈមនុស្ស ១១,០០០នាក់ ត្រូវបានជម្លៀសចេញពីស្រុកលូឌីង (Luding) ជាចំណុចកណ្តាលនៃការរញ្ជួយដី កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
នៅព្រឹកថ្ងៃពុធនេះ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីរបស់ប្រទេសចិន បានកត់ត្រាការរញ្ជួយដីកម្រិត ៣រ៉ិចទ័រ នៅចំណុចកណ្តាលដែលមានជម្រៅ ១២គីឡូម៉ែត្រ ទៅក្នុងដី។ រីឯអ្នកព្យាករអាកាសធាតុ ក៏បានព្រមានអំពីការរំពឹងទុកនៃភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ខាងលើនេះ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះផងដែរ៕