(វ៉ាស៊ីនតោន)៖ ឯកសារមួយច្បាប់ដែលមានពិពណ៌នាពីវិស័យការពារជាតិក្នុងរួមមានទាំងសមត្ថភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលបរទេសមួយ ត្រូវបានគេរកឃើញ នៅក្នុងការឆ្មក់ឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្លរីដា កាលពីពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Washington Post នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភព ដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកនេះដដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណនៃរដ្ឋាភិបាលបរទេសដែលត្រូវបានពិពណ៌នា ក្នុងឯកសារខាងលើទេ ហើយក៏មិនបានលម្អិតថាតើ រដ្ឋាភិបាលបរទេសនោះ គឺជាមិត្ត ឬក៏ជាសត្រូវរបស់សហរដ្ឋអាមេរិកនោះដែរ។ បន្ថែមពីលើនេះ ខាងអ្នកតំណាងលោក ត្រាំ និងក្រសួងយុត្តិធម៌អាមេរិកក៏មិនបានធ្វើ អត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Washington Post នៅឡើយនោះទេ។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ ប៉ូលិស FBI ត្រូវបានគេរាយការណ៍ថាបានរកឃើញឯកសារ និងរូបថតជាង ១១,០០០សន្លឹក ហើយនៅក្នុងចំណោមឯកសារទាំងនោះ មានទាំងឯកសារសម្ងាត់បំផុតផងដែរ ដែល Washington Post អះអាងថាសូម្បីតែមន្ត្រី សន្តិសុខជាតិជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន ក៏មិនមានសិទ្ធិត្រួតពិនិត្យដែរ៕