(កាប៊ុល)៖ គ្រោះរញ្ជួយដីចំនួន ២លើក បានវាយប្រហារលើប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយក្នុងនោះមានមួយលើកបានផ្ដាច់ជីវិត មនុស្សយ៉ាងហោច ៦នាក់ នៅឯភាគឦសាននៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។
គ្រោះរញ្ជួយដីដែលបានកើតឡើងនៅក្នុងខេត្តគូណា (Kunar) ស្ថិតនៅភាគឦសាននៃប្រទេស ក៏បានបណ្ដាលឱ្យមនុស្ស៩នាក់ រងរបួសផងដែរ ហើយបើតាម វិទ្យាស្ថានផ្នែកភូមិវិទ្យាអាមេរិក (USGS) គ្រោះរញ្ជួយដីនេះមានកម្រិតរញ្ជួយ៤.៣រ៉ិចទ័រ។ ដោយឡែក ក្នុងព្រឹកថ្ងៃអង្គារដដែលនោះ វិទ្យាស្ថានផ្នែកភូមិវិទ្យាអឺរ៉ុប បានរាយការណ៍ពីគ្រោះរញ្ជួយដីកម្រិត ៤.៨រ៉ិចទ័រ បានវាយប្រហារលើខេត្ត បាដាកស្នាន់ (Badakhshan) ស្ថិតនៅភាគខាងជើងនៃប្រទេសអាហ្វហ្កានីស្ថាន។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស និងការខូចខាតនៅក្នុងគ្រោះរញ្ជួយដីលើកទី២នេះនៅឡើយទេ។
គួរបញ្ជាក់ថា អាហ្វហា្កនីស្ថាន បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិជាច្រើនក្នុងឆ្នាំ២០២២នេះ ដោយកាលពីខែមិថុនាកន្លងទៅនេះ មនុស្សជាង១,០០០នាក់ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ប្រល័យមួយដែលបានវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេស៕