(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានដំឡើងស្ថានភាពអាសន្ននៃប្រព័ន្ធចែកចាយអគ្គិសនីនៅទូទាំងរដ្ឋដល់កម្រិតខ្ពស់បំផុតមួយ ខណៈកំពុងប្រឈមមុខនឹងរលកកម្ដៅដ៏ក្ដៅ ដែលអាចនឹងនាំឱ្យមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅផ្នែកជាច្រើននៃរដ្ឋមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។

ការប្រកាសដំឡើងកម្រិតអាសន្នខាងលើ កើតមានឡើងចំពេលដែលតម្រូវការអគ្គិសនីកំពុងកើនឡើងខ្ពស់ ដោយសារតែប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាំបាច់ ប្រើប្រាស់ម៉ាស៊ីនត្រជាក់រាប់ម៉ោងអំឡុងរដូវក្ដៅនេះ។ ប៉ុន្តែ ប្រតិបត្តិករចាយចែកអគ្គិសនី បានអំពាវនាវឱ្យប្រជាជនមានការសន្សំសំចៃក្នុងការប្រើប្រាស់ អគ្គិសនី ព្រមទាំងព្រមានផងដែរឱ្យប្រជាជនត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ខណៈអាកាសធាតុកំពុងឡើងកម្ដៅខ្លាំង រហូតដល់ ៤៣អង្សាសេ។

គួរបញ្ជាក់ថា បើតាម PG&E Corp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីទ្រង់ទ្រាយធំបំផុតនៃរដ្ឋកាលីហ្វ័រញ៉ា ផ្ទះប្រហែលជា ៥២៥,០០០ខ្នង និងអាជីវកម្ម ជាច្រើនទៀត អាចនឹងប្រឈមមុខគ្មានអគ្គិសនីប្រើប្រាស់ រយៈពេល ២ម៉ោង ក្នុងមួយថ្ងៃជាបណ្ដោះអាសន្ន៕