(ឡង់ដ៍)៖ លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សអភិរក្សថ្មី របស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ហើយត្រូវបានកំណត់ឱ្យក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ត្រាស់ បានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដំបូងគេ ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រីនៅប្រទេសស្កុតឡែន ហើយមិនមែននៅវិមាន Buckingham ដូចដែលប្រពៃណីតម្រូវនោះ។

បន្ទាប់ពីបានជួបជាមួយមហាក្សត្រី នាយករដ្ឋមន្ត្រីថ្មីនេះនឹងត្រឡប់ទៅទីក្រុងឡុងដ៍ ហើយនឹងថ្លែងសុន្ធរកថានៅក្រៅវិមាន Downing Street។

គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ (Liz Truss) កាលពីថ្ងៃចន្ទនេះត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសជំនួសលោក បូរីស ចនសុន ដែលបានលាលែងចេញពីតំណែងកាលពីខែកក្កដាកន្លងទៅ។

បើតាមលទ្ធផលបោះឆ្នោត លោកស្រី ត្រាស់ ទទួលបានសំឡេងគាំទ្រ ៨១,៣២៦សំឡេង ខណៈលោក រីស៉ី ស៊ូណាក់ (Rishi Sunak) ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ទទួលបាន ៦០,៣៩៩សំឡេង៕