(JUBA)៖ របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនយោបាយ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង នៅចន្លោះខែកុម្ភៈ និងខែឧសភាឆ្នាំនេះ ដោយស្ត្រីនិងកុមារត្រូវបានទទួលរងនូវការវាយដំយ៉ាងឃោរឃៅ រួមទាំងការរំលោភបូកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងដែលស្មោះត្រង់នឹងប្រធានាធិបតី លោក Salva Kiir និងគូប្រជែងរបស់គាត់គឺអនុប្រធានាធិបតី លោក Riek Machar នៅក្នុងរដ្ឋសម្បូរប្រេង បានប៉ះពាល់ដល់ភូមិយ៉ាងហោចណាស់ចំនួន២៨ នៅទូទាំងបីស្រុក ដោយមនុស្ស១៧៣នាក់ត្រូវបានសម្លាប់ ព្រមទាំងស្ត្រី និងកុមារចំនួន៣៧នាក់ត្រូវបានចាប់ពង្រត់។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) និងឧត្តមស្នងការអង្គការសហប្រជាជាតិបាននិយាយថា «អ្នកចាប់ពង្រត់ជាច្រើននាក់ត្រូវបានទទួលរងនូវអំពើហិង្សាផ្លូវភេទ រួមទាំងកុមារីអាយុក្រោម ៨ឆ្នាំ និងកុមារីអាយុ ៩ឆ្នាំម្នាក់ដែលត្រូវបានចាប់រំលោភរហូតដល់ស្លាប់»

អំពើហឹង្សានេះបានបណ្តាលឱ្យមនុស្សចំនួន ៤៤,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅទូទាំង២៦ភូមិ ជាមួយនឹងករណីរំលោភសេពសន្ថវៈ និងរំលោភបូកសរុបចំនួន ១៣១ករណី។

ប្រទេសស៊ូដង់ខាងត្បូង ត្រូវបានញាំញីដោយអស្ថិរភាពចាប់តាំងពីឯករាជ្យក្នុងឆ្នាំ២០១១ ហើយនៅតែតស៊ូដើម្បីគូសខ្សែបន្ទាត់ នៅក្នុងសង្គ្រាមស៊ីវិលរវាងអ្នកប្រយុទ្ធដែលគាំទ្រ លោក Kir និងអ្នកគាំទ្រ លោក Machar ដែលបានឆក់យកជីវិតមនុស្សជិត ៤០០,០០០នាក់៕
19:00