(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់នាថ្ងៃអង្គារនេះ បានឱ្យដឹងថា គណៈប្រតិភូនៃសមាជិកសភាបារាំងចំនួន៥រូប នឹងមកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ ខណៈវានឹងជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងរបស់អឺរ៉ុប មកកាន់ដែនកោះនេះ ក្រោយការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ ពីសំណាក់ក្រុមមន្រ្តីអាមេរិក ដែលបានបង្កឱ្យចិនខឹងសម្បារជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃប្រទេសចិន បានបើកការធ្វើសមយុទ្ធយោធាអស់រយៈពេលជាច្រើន នៅក្បែរតៃវ៉ាន់ កាលពីខែសីហាកន្លងទៅ បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានមកធ្វើទស្សនកិច្ចនៅទីនេះ។ ក្រោយមក ក៏មានការបំពេញទស្សនកិច្ចជាហូរហែ ដោយប្រតិភូអាមេរិកមួយចំនួនទៀត ដែលរួមមានទាំងសមាជិកសភា សមាជិកព្រឹទ្ធសភា និងអភិបាលរដ្ឋ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសតៃវ៉ាន់ គណៈប្រតិភូបារាំងនឹងមកដល់ទីក្រុងតៃប៉ិ នៅថ្ងៃពុធសប្តាហ៍នេះ ហើយបន្តស្នាក់នៅរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ ក្រុមមន្រ្តីបារាំងទាំងនោះ នឹងជួបពិភាក្សាជាមួយ អនុប្រធានាធិបតីតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) មិនមែនជាមួយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ទេ៕