(ឡុងដ៏)៖ លោកស្រី ព្រីទី ផាធែល (Priti Patel) បានស្នើសុំលាលែងពីតំណែងជារដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស នៅថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីមានការប្រកាសថា លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានជ្រើសរើសឲ្យក្លាយជាមេដឹកនាំគណបក្សអភិរក្សនិយម ហើយនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី ផាធែល មិនបានគាំទ្រលោកស្រី ត្រាស់ ក្នុងការប្រកួតប្រជែងយក តំណែងប្រធានគណបក្សអភិរក្សនិយម ជាមួយ លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដែលជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស នាពេលកន្លងមកនេះឡើយ។ ដោយប្រកាន់ជំហរ អព្យាក្រឹតបែបនេះលោកស្រី ប្រហែលជាបានរំពឹងថា ទោះនរណាជាអ្នកឈ្នះក៏ដោយ លោកស្រីអាចនឹងនៅរក្សាតំណែងដដែល។ ប៉ុន្តែកាលពីសប្តាហ៍មុន មានសេចក្តីរាយការណ៍ថា លោកស្រី ផាធែល នឹងស្ថិតក្នុងចំណោមមន្រ្តីដែលត្រូវរបូតតំណែង ប្រសិនបើ លោកស្រី ត្រាស់ ក្លាយជានាយករដ្ឋមន្រ្តីថ្មី។
នៅក្នុងលិខិតលាលែងពីតំណែង ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី លោក បូរីស ចនសុន, លោកស្រី ផាធែល បានលើកឡើងថា «វាជាកត្តិយស និងមោទភាពសម្រាប់ខ្ញុំ ក្នុងការចូលរួមបម្រើនិងការពារប្រទេស ក្នុងនាមជារដ្ឋមន្រ្តីមហាផ្ទៃ»។ នៅក្នុងលិខិតនេះដែរ លោកស្រី ផាធែល បានចោទប្រកាន់គូប្រជែងនយោបាយរបស់ខ្លួន ថាបានគាំទ្រ «សកម្មភាពរបស់ឧក្រិដ្ឋជន, ភេរវជន និងអ្នករត់ពន្ធមនុស្ស ព្រមទាំងអ្នកដែលគ្មានសិទ្ធិរស់នៅក្នុងចក្រភពអង់គ្លេស»។
គួរបញ្ជាក់ថា យ៉ាងណាក៏ដោយ លោកស្រី ផាធែល នៅតែបានសម្តែងការអបអរដល់លោកស្រី ត្រាស់ ដែលត្រូវបានជ្រើសរើស នាប្រធានថ្មីនៃគណបក្សអភិរក្សនិយម ដែលជាបក្សកំពុងកាន់អំណាច។ លោកស្រី ត្រាស់ នឹងឡើងជានាយករដ្ឋមន្រ្តីបន្តពីលោក ចនសុន នៅថ្ងៃអង្គារនេះ។ រីឯមុខតំណែងរដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសថ្មី ត្រូវបានគេរំពឹងថា នឹងជំនួយដោយ អគ្គរាជអាជ្ញា គឺលោកស្រី ស៊ូអែលឡា ប្រាវើមែន (Suella Braverman)៕