(សេអ៊ូល)៖ អាជ្ញាធរបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រជាជនក្នុងប្រទេសកូរ៉េខាងត្បូងរាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈព្យុះទីហ្វុង ហ៉ីនណាំន័រ (Hinnamnor) កំពុងបោកបក់មកលើភាគខាងត្បូងប្រទេស ព្រមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលរំពឹងថានឹងបន្តពេញមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋបាលឧតុនិយមរបស់ប្រទេសកូរ៉ខាងត្បូង បានឲ្យដឹងថា ព្យុះទីហ្វុង ហ៉ីនណាំន័រ បានធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងទីក្រុង អ៊ុលសាន (Ulsan) ក្នុងល្បឿន ៥២គីឡូម៉ែត្រក្នុងមួយម៉ោង ដោយរំពឹងថានឹងបន្តបោកបក់ឆ្ពោះទៅកាន់ទិសឦសាន និងឆ្លងកាត់ក្នុងល្បឿន៤០០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង សាពូរ៉ូ (Sapporo) ប្រទេសជប៉ុន នៅពាក់កណ្តាលអាធ្រាតថ្ងៃអង្គារនេះ។ អ្នកនាំពាក្យរបស់ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា លោក យូន ស៊ុកយុល បានកោះប្រជុំបន្ទាន់មួយ ដោយជំរុញឲ្យក្រុមមន្រ្តីបង្កើនការប្រុងប្រយ័ត្ន រហូតដល់ព្យុះបាត់ទៅវិញ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) មនុស្សចំនួន ៣,៤៦៣នាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព ដែលភាគច្រើនជាប្រជាជនរស់នៅតំបន់ភាគខាងត្បូង ព្រមជាមួយនឹងសេចក្តីរាយការណ៍ពីករណីបាត់ខ្លួន មនុស្សអាយុ ២៥ឆ្នាំម្នាក់ មកពីទីក្រុង អ៊ុលសាន៕