(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយប្រាក់ប្រមាណ ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ដែលបានគ្រោងទុកសម្រាប់ អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ហើយនេះជាការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។
ភ្ញៀវកិត្តិយសប្រហែល ៦,០០០នាក់ រួមទាំងឥស្សរជនបរទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យសពថ្នាក់របស់លោក អាបេ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ទី២៧ ខែកញ្ញា នៅសាលនីបពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ។
គួរបញ្ជាក់ថា លោក អាបេ ត្រូវបានគេបាញ់សម្លាប់ ក្នុងកំឡុងពេលធ្វើយុទ្ធនាការឃោបោះឆ្នោត កាលពីខែកក្កដាកន្លងទៅនេះ៕