(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា រុស្ស៊ីមិនគួរត្រូវបានចាត់ទុកជា «រដ្ឋគាំទ្រភេរវកម្ម» ឡើយ នៅចំពោះមុខការព្រមានរបស់ទីក្រុងម៉ូស្គូថាការធ្វើបែបនេះអាចនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ នេះបើតាមការ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋាភិបាលលោកប្រធានាធិបតី ហ្សេលេនស្គី បានជំរុញដល់អន្តរជាតិប្រកាសចាត់ទុករុស្ស៉ីជា «រដ្ឋគាំទ្រភេរវកម្ម» ដើម្បីជាការថ្កោលទោសលើរុស្ស៉ី ចំពោះការឈ្លានពានលើអ៊ុយក្រែន។ ចំណែកឯ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ជឿជាក់អាចទទួលបានការគាំទ្រជាឯកច្ឆន្ទនៅក្នុងព្រឹទ្ធសភា អាមេរិក លើការកំណត់ថារុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម។
ប៉ុន្តែ នៅពេលត្រូវបានសួរថាតើរុស្ស៊ីគួរត្រូវបានចាត់ទុកជា «រដ្ឋគាំទ្រភេរវកកម្ម» ដែរឬក៏យ៉ាងណា? លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា រុស្ស៊ីមិនគួរត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកម្មឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទាំងមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បាននិងកំពុងជំរុញឱ្យមាន ការអនុម័តលើ សេចក្តីព្រាងច្បាប់មួយដែលនឹងកំណត់ដាក់រុស្ស៊ី ទៅក្នុងចំណោមរដ្ឋគាំទ្រភេរវកម្ម ដូចជា «អ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើង» ជាដើម៕