(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នៅថ្ងៃអង្គារនេះបានបង្ហាញក្ដីអាណិតអាសូរ និងចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដែលបានស្លាប់ និងគ្រួសាររបស់ពួកគេ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើខេត្តស៉ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។
បើតាមការិយាល័យរបស់លោកស្រី សៃ អ៉ីងវិន លោកស្រីផ្ទាល់ក៏បានបង្ហាញក្ដីសង្ឃឹម និងជូនពរផងដែរឱ្យប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក អ្នកដែលបាត់ខ្លួនរបស់អាជ្ញាធរចិន ដំណើរការណ៍ទៅមុខដោយរលូន ដើម្បីអាចឱ្យប្រជាជនចិនដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី ត្រឡប់ទៅរក ជីវភាពរស់នៅធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្ត ស៉ីឈួន (Sichuan) ភាគនិរតី នៃប្រទេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានកើនដល់ ៤៦នាក់ និង៥០នាក់រងរបួស ខណៈ១៦នាក់ទៀតបន្តបាត់ខ្លួននៅឡើយ គិតត្រឹមព្រឹក ថ្ងៃអង្គារនេះ។
គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្តស៉ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទ និងបង្កការញ័ររញ្ជួយដល់ទីក្រុងចេងទូ (Chengdu) និងខេត្តមួយចំនួនទៀតនៅជាប់នោះ។
ស្ថានីយទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា ផ្លូវថ្នល់និងលំនៅឋាន ដែលស្ថិតនៅក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានទទួលរងការខូចខាតដោយសារបំណាក់ដី ស្របពេលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នៅតំបន់យ៉ាងហោច១កន្លែង។ រីឯទំនប់និងស្ថានីយវារីអគ្គិសនី ដែលនៅចម្ងាយ៥០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ គឺមិនមានការរាយការណ៍ថា រងការខូចខាតអ្វីទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តផ្ទាល់ បានទទួលរងការខូចខាត ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់ ៤០,០០០នាក់៕