(ប៊ែកឡាំង)៖ អង្គការ OPEC និងបណ្តាប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសកាត់បន្ថយផលិតកម្មរបស់ខ្លួនសម្រាប់ខែតុលា ដើម្បីជំរុញតម្លៃប្រេង ដែលថ្មីៗនេះដែបានធ្លាក់ចុះ ដោយសារការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Wasigton Post នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២។
សម្ព័ន្ធអ្នកផលិតប្រេងបានសម្រេចចិត្តកាត់បន្ថយផលិតកម្ម ១០០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែតុលពីកម្រិតខែកញ្ញា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ OPEC ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣២។
ក្រុមប្រទេសផលិតប្រេងដូចជា អារ៉ាប៊ីសាអូឌីតបានជំទាស់នឹងការអំពាវនាវពីប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យបូមប្រេងបន្ថែមទៀត ដើម្បីបញ្ចុះតម្លៃប្រេងសាំង និងបន្ធូរបន្ថយបន្ទុកលើអ្នកប្រើប្រាស់។
ប៉ុន្តែការព្រួយបារម្ភអំពីការធ្លាក់ចុះតម្រូវការ នាពេលអនាគតបានជួយធ្វើឲ្យតម្លៃធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតនៅខែមិថុនា ដែលមានតម្លៃជាង១២០ដុល្លារក្នុងមួយបារ៉ែល។ ការនេះបានធ្វើឲ្យបាត់ចំណូលរបស់រដ្ឋាភិបាល នៃបណ្តាប្រទេស OPEC+ ប៉ុន្តែវាជារឿងល្អសម្រាប់អ្នកបើកបរនៅសហរដ្ឋអាមេរិក ខណៈដែលតម្លៃបូមបានធូរស្រាល៕