(ឡុងដ៍)៖ នៅទីបំផុតទៅ លោកស្រី លីស ត្រាស់ (Liz Truss) ថ្ងៃចន្ទនេះត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសជំនួសលោក បូរីស ចនសុន ដែលបានលាលែងចេញពីតំណែងកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

បើតាមលទ្ធផលបោះឆ្នោត លោកស្រី ត្រាស់ ទទួលបានសំឡេងគាំទ្រ ៨១,៣២៦សំឡេង ខណៈលោក រីស៉ី ស៊ូណាក់ (Rishi Sunak) ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ទទួលបាន ៦០,៣៩៩សំឡេង។

*តើលោកស្រី លីស ត្រាស់ ជានរណា?

លោកស្រី ម៉ារី អេលីហ្សាបែត ត្រាស់ (Mary Elizabeth Truss) ឬគេស្គាល់លោកស្រីជាទូទៅថា លីស ត្រាស់ (Liz Truss) កើតនៅឆ្នាំ១៩៧៥ ក្នុងទីក្រុង Oxford ដោយមាន ឪពុកជាសាស្ត្រាចារ្យគណិតវិទ្យា និងម្ដាយជាគិលានុដ្ឋាយិការ។ លោកស្រី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford University និងធ្លាប់ជានិសិ្សតម្នាក់ដែលសកម្ម យ៉ាងខ្លាំងខាងនយោបាយ។

នៅក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកស្រី Truss បានបម្រើការងារជាគណនេយ្យករនៅឯក្រុមហ៊ុនប្រេង Shell និងក្រុមហ៊ុនទូរគមនាគមន៍ Cable & Wireless។ លោកស្រីបានរៀបការជាមួយគណនេយ្យករ លោក Hugh O'Leary នៅឆ្នាំ២០០០ និងមានចំណងដៃកូន២នាក់។ លោកស្រី Truss ចាប់ផ្ដើមឈានជើងចូលឆាក នយោបាយដំបូង ដោយឈរឈ្មោះជាបេក្ខជនមកពីគណបក្សអភិរក្សនិយមសម្រាប់ទីក្រុង Hemsworth នៃតំបន់ West Yorkshire នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០០១។

ប៉ុន្តែ លោកស្រីទទួលបរាជ័យ ហើយទទួលបរាជ័យម្ដងទៀតនៅឆ្នាំ២០០៥។ លោកស្រី Truss មិនបានបោះបង់ចោលមហិច្ឆតារបស់ខ្លួនឡើយ រហូតដល់ជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាក្រុង Greenwich នៅឆ្នាំ២០០៦ ហើយចាប់ពីឆ្នាំ២០០៨ លោកស្រីបានបម្រើការងារឱ្យវិទ្យាស្ថានសិក្សាស្រាវជ្រាវ Reform។ នៅឆ្នាំ២០១០ ទើបលោកស្រីជាប់ឆ្នោត ជាសមាជិកសភាអង់គ្លេស និងនៅឆ្នាំ២០១៤ លោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីចំនួន ៦ដងនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី៣នាក់ គឺលោក ដាវីដ កាម៉េរុន (David Cameron) លោកស្រី Theresa May និងលោក Boris Johnson។

លោកស្រី Liz Truss បានចាប់ផ្ដើមកាន់តំណែងជារដ្ឋមន្ត្រីជាលើកដំបូង ជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរិស្ថាន ស្បៀងអាហារ និងជនបទ នៅក្រោមរដ្ឋាភិបាលរបស់អតីត នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវីដ កាម៉េរុន (David Cameron) និងនៅឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអង់គ្លេសរបស់លោក បូរីស ចនសុន។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ លោក បូរីស ចនសុន និងលោកស្រី លីស ត្រាស់ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសស្កុតឡែន ដើម្បីជួបម្ចាស់ក្សត្រី អេលីហ្សាបែត (Elizabeth)។ លោក ចនសុន នឹងប្រគល់លិខិតលាលែងពីតំណែងជាផ្លូវការជូនម្ចាស់ក្សត្រី អេលីហ្សាបែត ដែលនឹងស្នើសុំឱ្យលោកស្រី លីស ត្រាស់ បង្កើតរដ្ឋាភិបាលថ្មី៕