(អឺរ៉ុប)៖ សង្គ្រាមថាមពលប្រេងនិងឧស្ម័ន កាន់តែបង្ហាញរូបរាងពិតកើតឡើង ខណៈដែលរុស្ស៊ីបានប្រកាសថាបំពង់ប្រេង Nord Stream 1 នឹងត្រូវបន្តបិទការផ្គត់ផ្គង់ច្រើនថ្ងៃ ទៅមុខទៀតដោយសារតែការរកឃើញនូវការលេចធ្លាយ ដែលតម្រូវការជួសជុលមិនអាចខកខានបាន។ ការបន្តបិទការផ្គត់ផ្គង់ថាមពលឧស្ម័ននេះហើយ បានធ្វើឱ្យពលរដ្ឋ ក្នុងទ្វីបអឺរ៉ុបបានសម្តែងក្តីព្រួយបារម្ភដោយសាររដូវត្រជាក់កាន់តែខិតមកជិត។
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានប្រកាសបង្កើនថ្ងៃបិទការបង្ហូរឧស្ម័នផ្គត់ផ្គង់តាមរយៈបំពង់ប្រេង Nord Stream 1 ដ៏សំខាន់របស់ខ្លួន ទៅកាន់ប្រទេសអាល្លឺម៉ង់បន្ថែមទៀត ដោយមិនផ្តល់ពេលវេលាសម្រាប់ការបើកឡើងវិញនោះទេ។ ការប្រកាសបិទជាបន្តនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃសុក្រ ទី២ ខែកញ្ញា គឺមួយថ្ងៃមុនដំណាក់កាលជួសជុល លើកទី២របស់ខ្លួនត្រៀមនឹងបញ្ចប់ការធ្វើ Maintenance។ កាលពីខែកក្កដាបំពង់បង្ហូរប្រេង Nord Stream 1 នេះត្រូវបានបិទរយៈពេល១០ថ្ងៃ ដែលរុស្ស៊ីលើកឡើងថាដើម្បី ធ្វើការជួសជុល Maintenance។ ការជួសជុលលើកទី២ ត្រូវបានប្រកាសឱ្យដឹងម្តងទៀតកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីធ្វើការជួសជុល Maintenance រយៈពេល៣ថ្ងៃ គឺរវាងពីថ្ងៃទី១ ដល់ទី៣ ខែកញ្ញា។
ប៉ុន្តែ ការប្រកាសជួសជុលជាលើកទី២នោះ ត្រូវបានលើកពេលបន្តថែមទៀត ក្រោយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានប្រកាសនៅថ្ងៃសុក្រ ទី២ ខែកញ្ញាថាគេទើបបាន រកឃើញថាមានការធ្លាយបំពង់ប្រេង។ ការប្រកាសពន្យាពេលបន្តដោយមិនបញ្ជាក់ថាតើការបើកការផ្គត់ផ្គង់បង្ហូរប្រេងសាឡើងវិញនោះ នឹងត្រូវធ្វើឡើងវិញនៅថ្ងៃណាមួយ ពិតប្រាកដនោះហើយ បានធ្វើហើយពលរដ្ឋក្នុងទ្វីបអឺរ៉ុប បានបារម្ភចំពោះតម្លៃប្រេងកាន់តែឡើងថ្លៃ និងចំណោទត្រូវប្រឈមនឹងភាពត្រជាក់ដោយសារតែកង្វះថាមពលប្រេង និងឧស្ម័ន។
ការប្រកាសបន្តជួសជុលបំពង់ប្រេងបង្ហូរនេះ តាមពិតគឺនៅច្រើនម៉ោងបន្ទាប់ពីប្រទេស G7 បានយល់ព្រមដាក់កម្រិតតម្លៃលើប្រេងរុស្ស៊ី ក្នុងការប៉ុនប៉ងរារាំងលំហូរនៃថវិកា ប្រេងទៅឱ្យរបបដឹកនាំរុស្ស៊ី លោក Vladimir Putin ដែលកំពុងធ្វើសង្គ្រាមលើទឹកដីរបស់ប្រទេសអ៊ុយក្រែន និងបន្ទាប់ពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប បង្កើតគំនិតមិនល្អរារាំង ពលរដ្ឋរុស្ស៊ីធម្មតាមិនឱ្យធ្វើដំណើរទេសចរណ៍លើទឹកដីរបស់ពួកគេដោយសារតែការខឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី ដាក់លើទឹកដីអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីលោក ពូទីន បានថ្លែងព្រមានរួចមកហើយថា គេនឹងមានវិធានការតបតសងសឹកទៅវិញ។
ប្រទេសអាល្លឺម៉ង់ ត្រូវគេរាយការណ៍ថា បានស្នើរកការបញ្ជួនក្រុមបច្ចេកទេសរបស់ខ្លួនទៅជួយ ប៉ុន្តែក្រុមហ៊ុនរុស្ស៊ីបានបដិសេធនូវបំណងនោះ។ Nord Stream 1 គឺជាបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតតែមួយគត់ពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុប ហើយបំពង់នោះមានសមត្ថភាពចែកចាយឧស្ម័ន ៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបន្តផ្គត់ផ្គង់ តាមរយៈបំពង់បង្ហូរប្រេងនេះ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការជួយទប់ស្កាត់មិនឱ្យមានវិបត្តិថាមពល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះតាមប្រព័ន្ធ Telegram, ក្រុមហ៊ុន Gazprom បានប្រកាសថា «ការដឹកជញ្ជូនឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានបញ្ឈប់ ទាំងស្រុង រហូតដល់ឧបសគ្គរបស់វានឹងត្រូវបានជួសជុលរួច»។ សេចក្តីប្រកាសតាមប្រព័ន្ធតេឡេក្រាមដដែលបានបញ្ជាក់បន្តថា គេបានរកឃើញឧបសគ្គនៃ «ដំណើរការខុសប្រក្រតី» នៅលើម៉ាស៊ីនទួរប៊ីនសំខាន់មួយតាមបណ្តោយបំពង់បង្ហូរប្រេង ដែលដឹកជញ្ជួនឧស្ម័នធម្មជាតិពីភាគខាងលិចនៃប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយបំពង់បង្ហូរប្រេងនឹងមិនដំណើរការទេលុះត្រាតែសារធាតុទាំងនេះត្រូវបានលុបចោល។
ក្រុមប្រទេសលោកខាងលិច បានប្រញាប់ថ្លែងចោទប្រកាន់មកវិញថាមេដឹកនាំរុស្ស៊ីលោក ពូទីនបានប្រើប្រាស់ការផ្គត់ផ្គង់ថាមពលប្រេងនិងឧស្ម័នគឺជាអាវុធប្រឆាំងនឹងសហភាព អឺរ៉ុបដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងការបន្តជួយផ្តល់ជំនួយយោធាដល់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ បើសិនជាទ្វីបអឺរ៉ុបនឹងគ្មានការជួយផ្គត់ផ្គង់ថាមពលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ីនោះទេ ទ្វីបអឺរ៉ុបនឹងអាចប្រឈមនឹងចំណោទថាមពលដើម្បីទប់ទល់នឹងភាពត្រជាក់កើតឡើងក្នុងរដូវរងារ នាពេលខាងមុខនេះ។ ក្រុមហ៊ុនថាមពល អាល្លឺម៉ង់ Siemens បានថ្លែងថាការលេចធ្លាយប្រេងតាមប្រព័ន្ធ Nord Stream 1 គឺមិនចាំបាច់ទៅដល់បិទការផ្គត់ផ្គង់ប្រេងទាំងស្រុងនោះទេ។ ក្រុមហ៊ុនអាល្លឺម៉ង់នេះ បាននិយាយថា រុស្ស៊ីមានម៉ាស៊ីនទូរប៊ីនជាច្រើនដទៃទៀតក្នុងស្ថានីយ Compressor របស់ខ្លួននៅក្នុងវិធីអាចជួយធ្វើកិច្ចការទាំងនោះបានដោយមិនចាំបាច់ដល់ការបិទការផ្គត់ផ្គង់ ប្រព័ន្ធបង្ហូរប្រេងនោះឡើយ។
សហភាពអឺរ៉ុបបានថ្លែងចោទទៀតថាការបញ្ឈប់ការផ្គត់ផ្គង់ប្រេងនេះទៀត គឺជាការរៀបចំទុកជាមុនមួយរបស់រុស្ស៊ី ដែលវិធីនេះគឺជាការរកប្រៀបឈ្នះរបស់រុស្ស៊ីទៅលើ ប្រទេសក្នុងទ្វីបអឺរ៉ុប។ នាពេលនេះ ប្រទេសក្នុងទ្វីបអឺរ៉ុបបានបង្ហាញការស្រវេស្រវារកវិធីទប់ទល់នឹងការប្រឈមខ្វះប្រេងសម្រាប់នាពេលរដូវរងារខាងមុខនេះហើយ ដោយប្រទេសខ្លះបានដាក់ឱ្យពលរដ្ឋ និងក្រុមហ៊ុនត្រូវធ្វើការត្បិតត្បៀតសន្សំសំចៃការប្រើប្រាស់ថាមពលប្រេងនិងឧស្ម័ន និងការស្វែងរកប្រភពដទៃមកជំនួស ថាមពលប្រេងឧស្ម័នរុស្ស៊ី។
នៅក្នុងប្រទេសឆែក បាតុកម្មមួយប្រឆាំងនឹងចំណាត់ការដឹកនាំរដ្ឋាភិបាលដោយសារតែវិបត្តិប្រេង និងឧស្ម័ន បានកើតឡើង និងបាតុករបានទាមទារឱ្យមេដឹកនាំរដ្ឋាភិបាល បស់ ខ្លួនចុះចេញពីតំណែង។ បាតុកម្មនេះបានធ្វើកាលពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញា បន្ទាប់ពីរុស្ស៊ីបានប្រកាសការបន្តផ្អាកពន្យាការផ្គត់ផ្គង់ថាមពលឧស្ម័ន និងប្រេងរបស់ខ្លួនតាមប្រព័ន្ធ Nord Stream 1។ បាតុករឆែកប្រមាណ ៧ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Prague តវ៉ាចំពោះការកើនឡើងនៃតម្លៃថាមពលប្រេង និងឧស្ម័ន និងពួកគេទាមទារឱ្យបញ្ចប់ ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញរឿងសង្គ្រាមនៅអ៊ុយក្រែន។
ក្រុមបាតុករពីក្រុមស្តាំនិយម និងឆ្វេងនិយម បានរួមគ្នានៅក្នុងការជួបជុំធ្វើបាតុកម្មប្រឆាំងនេះ អំពាវនាវឱ្យមានកិច្ចព្រមព្រៀងថ្មីជាមួយនឹងរុស្ស៊ី ស្តីពីការផ្គត់ផ្គង់ឧស្ម័ន និងការបញ្ឈប់ការបញ្ជូនអាវុធទៅអ៊ុយក្រែន។ ពួកគេបានជំរុញឱ្យរដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រី លោក Petr Fiala លាលែងចេញពីតំណែង។ បាតុកម្មបានធ្វើនៅទីលាន វ៉ិនសេសស្លា (Wenceslas) ដែលជាទីកន្លែងប្រវត្តិសាស្ត្រនៃការប្រឆាំងដ៏ធំនៅក្នុងរដ្ឋធានី Prague នៃប្រទេសឆែក ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Fiala បានចូលកាន់តំណែងកាលពីខែធ្នូឆ្នាំ២០២១។
ក្រុមអ្នករៀបចំបានប្តេជ្ញាថានឹងរៀបចំការប្រមូលផ្តុំបន្ថែមទៀតជាមួយនឹងគំរោងត្រៀមរៀបចំកាលបរិច្ឆេទជានិមិត្តរូបថ្ងៃទី២៨ ខែកញ្ញា ដែលជាថ្ងៃរដ្ឋរបស់ប្រទេសឆែក Czech State Day លុះត្រាតែរដ្ឋាភិបាលលោក Petr Fiala ត្រូវលាលែងពីតំណែងត្រឹមថ្ងៃទី២៥ ខែកញ្ញា។ លោក Fiala ដែលជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យស៊ីវីក Civic Democratic Party និងជាអតីតសាស្ត្រាចារ្យផ្នែកនយោបាយបានច្រានចោលបាតុកម្មនេះ និងចោទថាអ្នកធ្វើទាំងនោះ គឺជាក្រុមជ្រុលនិយម និងជំរុញដោយការឃោសនា របស់រុស្ស៊ី។
លោកនាយករដ្ឋមន្ត្រីឆែក បាននិយាយថា «ការតវ៉ានៅលើទីលាន Wenceslas ត្រូវបានធ្វើឡើងដោយការបង្ខំរបស់ក្រុមដែលនិយមគាំទ្ររុស្ស៊ី និងជាក្រុមដែលប្រឆាំងនឹង ផលប្រយោជន៍របស់សាធារណរដ្ឋឆែក»។ ក្រុមបាតុករបានរិះគន់អង្គការណាតូ និងអង្គការសហភាពអឺរ៉ុបនិងប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំង២៧ ប្រទេសជុំវិញ ផែនការកាត់បន្ថយការសាយភាយឧស្ម័នឧស្សាហកម្មផ្ទះកញ្ចក់ និងការធ្វើឱ្យមានអព្យាក្រិតភាពនៃកត្តាធាតុអកាស។ នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានប្រាប់អ្នកសារព័ត៌មានថាក្រុមធ្វើបាតុកម្មទាំងនោះមិនបានយកផលប្រយោជន៍ជាតិជាធំមកដាក់ក្នុងចិត្តរបស់ពួកគេឡើយ៕