(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីសូឡូម៉ុនបានប្រកាសនាថ្ងៃចន្ទនេះថា នាវាយោធាមកពីអូស្រ្តាលីក៏ដូចជានូវែលសេឡង់ នឹងត្រូវលើកលែង ពីបម្រាមបណ្តោះអាសន្ន ដែលហាមឃាត់នាវាយោធាបរទេស ចូលចតនៅកំពង់ផែរបស់ ប្រទេសដីកោះតំបន់ប៉ាស៉ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណេស្សេ សូហ្កាវ៉ារេ (Manesseh Sogavare) បាននិយាយថា ក្រៅពីនេះ នាវាយោធាបរទេសណា ដែលឆ្លើយតបសំណើសុំការគាំទ្រពីសំណាក់រដ្ឋាភិបាលសូឡូម៉ុនផ្ទាល់ ក៏នឹងទទួលបានការលើកលែងផងដែរ។ កាលពីសប្តាហ៍មុន លោក សូហ្កាវ៉ារេ បានប្រកាសពីបម្រាមហាមនាវាយោធាបរទេស ចូលចតនៅកំពង់ផែសូឡូម៉ុន បន្ទាប់ពីនាវាឆ្មាំសមុទ្រអាមេរិក ១គ្រឿង និងនាវាអង់គ្លេស ១គ្រឿងទៀត ដែលបានមកធ្វើប្រតិបត្តិការល្បាតសកម្មភាពនេសាទខុសច្បាប់ នៅក្នុងតំបន់ប៉ាស៉ីហ្វិក មិនអាចចូលចាក់សាំងនៅទីក្រុងហូនីយ៉ារ៉ាបាន ដោយសារតែសូឡូម៉ុនមិនឆ្លើយតប ចំពោះសំណើសុំធ្វើយ៉ាងដូច្នោះរបស់នាវាទាំងពីរ។
ឆ្លើយតបនឹងសំណួរនាថ្ងៃចន្ទនេះ របស់ក្រុមសមាជិកសភាបក្សប្រឆាំង ស្តីពីបម្រាមខាងលើ លោក សូហ្កាវ៉ារេ បានលើកឡើងថា នាវាយោធាបរទេសនានា ដែលដាក់ពង្រាយនៅក្រោមសន្ធិសញ្ញា SIIFA រវាងសូឡូម៉ុន អូស្រ្តាលី នូវែលសេឡង់ និងហ្វីជី គឺនឹងទទួលបានការលើកលែង កំលុងការអនុវត្តបម្រាម។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅប៉ាស៉ីហ្វិក គឺអូស្រ្តាលីនិងនូវែលសេឡង់ បានសម្តែងក្តីបារម្ភជាខ្លាំងអំពី កំណើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ បន្ទាប់ពីសូឡូម៉ុនបានចុះកិច្ចព្រមព្រៀងសន្តិសុខ មួយជាមួយទីក្រុងប៉េកាំង កាលពីខែមេសា ឆ្នាំនេះ៕