(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្តស៉ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន នាថ្ងៃចន្ទនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៧នាក់ និងបង្កការញ័ររញួយដល់ទីក្រុងចេងទូ (Chengdu) និងខេត្តមួយចំនួនទៀតនៅជាប់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
ស្ថានីយទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា ផ្លូវថ្នល់និងលំនៅឋាន ដែលស្ថិតនៅក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានទទួលរងការខូចខាតដោយសារបំណាក់ដី ស្របពេលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នៅតំបន់យ៉ាងហោច១កន្លែង។ រីឯទំនប់និងស្ថានីយវារីអគ្គិសនី ដែលនៅចម្ងាយ៥០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ គឺមិនមានការរាយការណ៍ថា រងការខូចខាតអ្វីទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តផ្ទាល់ បានទទួលរងការខូចខាត ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់ ៤០,០០០នាក់។
យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន ចំណុចរំញ័ររបស់វា ស្ថិតនៅក្រុងលូទីង (Luding) គឺម្តុំតំបន់ភ្នំចម្ងាយប្រហែលជា ២២៦គីឡូម៉ែត្រពីភាគនិរតីទីក្រុងចេងទូ ដែលជារដ្ឋធានីនៃខេត្តស៉ីឈួន។ មនុស្ស៤នាក់ ក្នុងចំណោម៧នាក់ ដែលបាត់បង់ជីវិត គឺនៅក្រុងលូទីងផ្ទាល់។ បើតាមស្ថានីយទូរទស្សន៍រដ្ឋចិន មានមនុស្សសរុប៣៩,០០០នាក់ ដែលរស់នៅក្នុងបរិវេណ២០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ ហើយមាន១.៥៥លាននាក់ ស្ថិតក្នុងបរិវេណ១០០គីឡូម៉ែត្រជុំវិញទីនោះ។
គួរបញ្ជាក់ថា ក្រៅពីទីក្រុងចេងទូ គ្រោះរញ្ជួយដីនាថ្ងៃចន្ទនេះ ក៏បានជះឥទ្ធិពលដល់បណ្តាខេត្តក្បែរខាង រួមមានយូនណាន (Yunnan), សាអានស៉ី (Shaanxi) និងគួយចូវ (Qhuzhou) ថែមទៀតផង។ សម្រាប់ហេតុការណ៍រញ្ជួយផែនដីដ៏ខ្លាំងបំផុតនៅខេត្តស៉ីឈួន គឺត្រូវបានកត់ត្រាកាលពីខែឧសភា ឆ្នាំ២០០៨ នៅពេលរញ្ជួយដីកម្រិត៨.០រ៉ិចទ័រ បានវាយប្រហារស្រុកវិនឈួន (Wenchuan) ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ៧០,០០០នាក់ និងការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕