(កាប៊ុល)៖ ប៉ូលិសអាហ្វហ្កានីស្ថាន បានឱ្យដឹងថា មនុស្សយ៉ាងហោច២នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានចុចបំផ្ទុះគ្រឿងផ្ទុះ នៅក្បែរច្រកចូលនៃស្ថានទូតរុស្ស៉ី នៅទីក្រុងកាប៊ុល នាថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
លោក ម៉ាឡាវី សាបៀរ (Mawlawi Sabir) មេប៉ុស្តិ៍ប៉ូលិសប្រចាំសង្កាត់កើតហេតុ បានប្រាប់ Reuters បន្ថែមថា ជនបំផ្ទុះគ្រាប់បែកនោះ ត្រូវបានកងកម្លាំងរបស់ក្រុមតាលីបង់ ដែលជាឆ្មាំការពារនៅស្ថានទូតរុស្ស៉ីបាញ់សម្លាប់ ពេលរូបគេដើរសំដៅមករកខ្លោទ្វារចូល។ ក្រសួងការបរទេសរុស្ស៉ីបានចេញមុខទទួលស្គាល់ថា បុគ្គលិកស្ថានទូតរុស្ស៉ី២នាក់បានស្លាប់ នៅក្នុងហេតុការណ៍ខាងលើ។
គួរបញ្ជាក់ថា រុស្ស៉ីស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលនៅដំណើរការស្ថានទូតក្នុងទីក្រុងកាប៊ុល ចាប់តាំងតែពីតាលីបង់ បានឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន កាលពីជាង១ឆ្នាំមុន។ ទោះបីជាទីក្រុងមូស្គូមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ជាផ្លូវការក៏ដោយក្តី មន្រ្តីនៃភាគីទាំងពីរបានជួបពិភាក្សាគ្នាជុំវិញកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់ប្រេងសាំង និងសម្ភារៈផ្សេងៗទៀត៕