(បែរឡាំង)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) បានទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ ដើម្បីព្យាយាមស្វែងរក ការផ្តល់ជំនួយយោធាបន្ថែមទៀត ពីទីក្រុងបែរឡាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន DW នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊្មីហាល់ គឺជាមន្រ្តីជានខ្ពស់អ៊ុយក្រែនដំបូងបំផុត ដែលបានមកទស្សនកិច្ចនៅទីក្រុងបែរឡាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយលោកបានទទួលស្គាល់ថា អាល្លឺម៉ង់បានខិតខំបង្កើនការជួយគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ក្នុងទម្រង់ជាសព្វាវុធធុនធ្ងន់ដូចជា កាំភ្លើងធំ ហោវីតសឺ និងប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត ជាដើម ដែលកំពុងបម្រើការយ៉ាងល្អនៅលើសមរភូមិ។
កំលុងដំណើរទស្សនកិច្ចខាងលើ លោក ស្ម៊ីហាល់ បានជួបពិភាក្សាគ្នាជាមួយ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) និងជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង-វ៉លធើ ស្តែនម៉ៃយើ (Frank-Walter Steinmeier)។ ក្នុងជំនួបនោះ លោក សូល បានប្តេជ្ញាថា នឹងបន្តគាំទ្រដល់អ៊ុយក្រែន មិនត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេ គឺថែមទាំងផ្នែកយោធាបាយ និងហិរញ្ញវត្ថុផងដែរ។
គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន ប្រព័ន្ធការពារដែនអាកាស Iris-T ដែលអាល្លឺម៉ង់សន្យាផ្តល់ឱ្យ នឹងទៅដល់ដៃទីក្រុងកៀវ នៅកំលុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ លោក ស៊្មីហាល់ ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ទីក្រុងបែរឡាំងនឹងក្លាយជា អ្នកដឹកនាំមួយ នៅក្នុងដំណើរការអភិវឌ្ឍ សមត្ថភាពការពារអាកាសរបស់អ៊ុយក្រែន៕