(ហ្ស៊េរុយសាឡិម)៖ នាវាចម្បាំងតួកគី បានចូលចតនៅឯកំពង់ផែប្រទេសអ៉ីស្រាអែល សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីររបស់សហរដ្ឋអាមេរិក មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានជម្លោះដ៏ខ្លាំងក្លាលើបញ្ហាប៉ាឡេស្ទីន។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
មន្ត្រីតួកគីម្នាក់បាននិយាយថា នាវាចម្បាំងឈ្មោះ កេម៉ាល់រ៉ែស (Kemalreis) បានចូលចតនៅក្នុងទីក្រុងកំពង់ផែ ហៃហ្វា (Haifa) កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាផ្នែកមួយនៃការធ្វើប្រតិបត្តិការរបស់អង្គការណាតូ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ ចំណែក មន្ត្រីអ៉ីស្រាអែលម្នាក់ក៏បានឱ្យដឹងដែរថាទីក្រុងអង់ការ៉ា កំពុងដាក់ សំណើសុំចុះពីនាវាសម្រាប់ក្រុមនាវិកខាងលើនេះ មុនពេលពួកគេចាកចេញពីឆ្នេរកំពង់ផែ។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយនៃដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកតួកគី ក្នុងដែនទឹកអ៉ីស្រាអែល គិតចាប់តាំងពីឆ្នាំ២០១០ នៅពេលដែលទំនាក់ទំនងទ្វេភាគីត្រូវបានបំផ្លាញ ដោយសារតែការវាយប្រហាររបស់អ៉ីស្រាអែលលើក្បួនដឹកជំនួយតាមនាវារបស់ប៉ាឡេស្ទីនដែលព្យាយាមចូលទៅ កាន់តំបន់ហ្កាហ្សា ស្រ្ទីប (Gaza Strip)។ ប៉ុន្តែ ប្រទេសទាំងពីរ បានព្រមព្រៀងធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយយកវិស័យថាមពលធ្វើជាផ្នែកដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការចម្បង។ គេរំពឹងថានឹងមានការតែងតាំងឯកអគ្គរដ្ឋទូតថ្មីក្នុងពេលឆាប់ៗនេះផងដែរ៕