(អូតាវ៉ា)៖ ប៉ូលិសរបស់ប្រទេសកាណាដា កំពុងតាមប្រមាញ់ជនសង្ស័យ ២នាក់ ក្នុងការវាយប្រហារដោយកាំបិតចាក់សម្លាប់មនុស្សចំនួន ១០នាក់ និងរបួសចំនួន ១៥នាក់ផ្សេងទៀត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ហើយដែលអ្នករងគ្រោះភាគច្រើន ជាពលរដ្ឋនៃសហគមន៍ជនជាតិដើម ភាគតិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
ករណីខាងលើនេះគឺស្ថិតក្នុងចំណោមឧក្រិដ្ឋកម្មចំនួន ១៣លើក នៃការសម្លាប់រង្គាលដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសកាណាដា។ ប៉ូលិស បានកំណត់ថាជនសង្ស័យទាំងខាងលើមានឈ្មោះ ដាមៀន សាន់ដឺសុន (Damien Sanderson) មានអាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ាយឡេស សាន់ដឺសុន (Myles Sanderson) អាយុ៣០ឆ្នាំ ជាមួយរូបថត និងព័ត៌មានមួយចំនួនរបស់ពួកគេ។ ប៉ុន្តែមិនបានលម្អិតអំពីមូលហេតុ ឬអត្តសញ្ញាណ ជនរងគ្រោះឡើយ។
បើតាមសេចក្តីថ្លែងការណ៍របស់មេដឹកនាំសហគមន៍ជនជាតិដើមភាគតិច ការវាយប្រហារនេះទំនងជាមានពាក់ព័ន្ធនឹងគ្រឿងញៀន។ នៅក្នុង សេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) បានគូសបញ្ជាក់ថា «ខ្ញុំមានការតក់ស្លុត និងរន្ធត់ជាខ្លាំងចំពោះ ករណីហិង្សាដ៏សាហាវនេះ។ ក្នុងនាមប្រជាជនកាណាដា យើងសូមសម្ដែងនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ ក្នុងតំបន់សាស្កាត់ឆេវ៉ាន (Saskatchewan)»។ លោក ទ្រូដូ ក៏បានប្តេជ្ញាចិត្តដើម្បីជួយដល់អ្នកដែលរងគ្រោះដោយអំពើមួយនេះ តាមអ្វីដែលរដ្ឋាភិបាលអាចធ្វើបាន។
គួរបញ្ជាក់ថា ហេតុការណ៍ចាក់សម្លាប់ ត្រូវបានរាយការណ៍ជាលើកដំបូង កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែ បីម៉ោង ក្រោយមក ប៉ូលិសបានជូនដំណឹងថាករណីនេះបានកើតឡើងនៅទូទាំងខេត្តតែម្តង។ ក្រោយមកនៅរសៀលថ្ងៃដដែល ការជូនដំណឹងស្រដៀងគ្នានេះក៏ត្រូវបានធ្វើ ឡើងនៅក្នុងតំបន់ Saskatchewan ដែលស្ថិតនៅក្បែរខេត្តអាល់បឺតា (Alberta) និងខេត្ត ម៉ានីតូបា (Manitoba) ព្រមជាមួយនឹងការព្រមានរបស់ប៉ូលិសថា ជនសង្ស័យអាចស្ថិតនៅជាយក្រុង រ៉េហ្គីណា (Regina) ដែលប៉ូលិសកំពុងឡោមព័ទ្ធ៕