(ឡុងដ៍)៖ លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសជំនួសលោក បូរីស ចនសុន នៅថ្ងៃចន្ទសប្ដាហ៍នេះ ចំពេលដែលប្រទេសអឺរ៉ុបមួយនេះកំពុងប្រឈមមុខនឹងអតិផរណា ភាពចលាចលផ្នែកឧស្សាហកម្ម និងវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
ឆ្លងកាត់រយៈពេលជាច្រើនសប្តាហ៍ នៃការប្រកួតប្រជែងភាពជាអ្នកដឹកនាំរបស់គណបក្សអភិរក្ស លោកស្រី ត្រាស់ កំពុងនាំមុខគូរប្រជែងរបស់លោស្រី គឺលោក រីស៉ី ស៊ូណាក់ (Rishi Sunak) ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស។ ការប្រកាសពីការតែងតាំងខាងលើនឹងត្រូវធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងឡុងដ៍) ដោយលោកស្រីត្រូវបានគេរំពឹងខ្ពស់ថានឹងត្រូវទទួលភារកិច្ចបន្តពីនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន (Boris Johnson) ដែលបានលាលែងពីតំណែងកាលពីខែកក្កដាកន្លងទៅ។
នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកដែលទទួលបានជ័យជម្នះនឹងធ្វើដំណើរទៅកាន់ប្រទេសស្កុតឡែន ដើម្បីជួបម្ចាស់ក្សត្រី អេលីហ្សាបែត (Elizabeth) ដែល នឹងស្នើសុំឱ្យមេដឹកនាំចក្រភពអង់គ្លេសថ្មី បង្កើតរដ្ឋាភិបាលថ្មីមួយ។
គួរបញ្ជាក់ថា ប្រសិនបើដូចការរំពឹងទុកខាងលើពិតមែន លោកស្រី ត្រាស់ នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសទី៤ ដែលមកពីគណបក្សអភិរក្សនិយម ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៥មក និងជានាយករដ្ឋមន្ត្រីអង់គ្លេសជាស្ត្រីទី៣ បន្ទាប់ពីលោកស្រី ម៉ាហ្ការ៉ែត ថាត់ឈ័រ (Margaret Thatcher) និងលោកស្រី ថេរ៉េសា មេយ៍ (Theresa May)៕