(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ពីភាពជឿនលឿនទៅមុខនៃប្រតិបត្តិការវាយដណ្ដើមយកទឹកដី មកវិញ ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន ជាមួយការអរគុណដល់កងកម្លាំងរបស់លោកដែលដណ្ដើមបានទីតាំងចំនួន២ ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស និងទីតាំងមួយទៀតនៅឯភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតឱ្យច្បាស់ពីពេលវេលា និងឈ្មោះទីតាំងខាងលើដែលកងកម្លាំងអ៊ុយក្រែនវាយយកបានពីទាហានរុស្ស៉ី មកវិញនោះទេ ប៉ុន្តែលោកបានឱ្យដឹងថាលោកទទួលបានព័ត៌មានល្អនេះនៅឯកិច្ចប្រជុំមួយ កាលពីអាទិត្យចុងសប្ដាហ៍កន្លងទៅនេះពីសំណាក់ មេបញ្ជាការ និងប្រមុខចារកម្មរបស់លោក។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមបានទីតាំងមួយ នៅក្នុងតំបន់ដូណេត ស្ថិតនៅភាគខាងកើត នៃប្រទេស និង ២ទីតាំងទៀត ក្នុងតំបន់ភាគខាងត្បូងជាទីដែលអ៊ុយក្រែនកំពុងផ្ដោតលើប្រតិបត្តិការវាយលុកដណ្ដើមយកទឹកដីមកវិញ៕