(Prague)៖ មនុស្សប្រមាណ ៧០,០០០នាក់បានធ្វើបាតុកម្មតវ៉ានៅទីក្រុង Prague ប្រឆាំងនឹងរដ្ឋាភិបាលឆេកកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដោយអំពាវនាវឱ្យក្រុមចម្រុះដែលកំពុងកាន់អំណាច ធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល និងសម្តែងការប្រឆាំងនឹងសហភាពអឺរ៉ុប និងអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមបាតុករមកពីបក្សនយោបាយស្តាំនិយមជ្រុល រួមទាំងបក្សកុម្មុយនិស្តបាននិយាយថា ប្រទេសអឺរ៉ុបកណ្តាលគួរតែរក្សាអព្យាក្រឹតភាពផ្នែកយោធា និងធានាកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ឧស្ម័ន រួមទាំងរុស្ស៊ីផងដែរ។
ការប៉ាន់ប្រមាណរបស់ប៉ូលីសបានដាក់ចំនួនអ្នកតវ៉ាប្រហែល ៧០,០០០នាក់នៅត្រឹមរសៀលថ្ងៃសៅរ៍។
អ្នករៀបចំព្រឹត្តិការណ៍បានឲ្យដឹងថា គោលបំណងនៃបាតុកម្មរបស់ពួកគេ គឺដើម្បីទាមទារការផ្លាស់ប្តូរ ជាចម្បងក្នុងការដោះស្រាយបញ្ហាតម្លៃថាមពល ជាពិសេសអគ្គិសនី និងឧស្ម័ន ដែលនឹងបំផ្លាញសេដ្ឋកិច្ចក្នុងរដូវស្លឹកឈើជ្រុះនេះ។
គួរបញ្ជាក់ថា ការតវ៉ានៅទីលាន Wenceslas នៅកណ្តាលទីក្រុង Prague ប្រទេសឆែកនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានរួចផុតពីការបោះឆ្នោតដកទំនុកចិត្ត ខណក្រុមប្រឆាំងអះអាងពីភាពអសកម្មប្រឆាំងនឹងអតិផរណា និងកើនតម្លៃថាមពល៕